ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (២៦ ធ្នូ) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញសញ្ញាប្រាប់ថា ទីក្រុងព្យុងយ៉ាង នឹងបន្តកម្មវិធីអភិវឌ្ឍមីស៊ីលរបស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំខាងមុខ ខណៈពេលដែលលោកចុះទៅត្រួតពិនិត្យសហគ្រាសផលិតអាវុធសំខាន់ៗក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៥នេះ។

KCNA បានស្រង់សម្ដីលោក គីម ដែលនិយាយថា «វិស័យផលិតមីស៊ីល និងគ្រាប់ផ្លោងរបស់កូរ៉េខាងជើង គឺមានសារៈសំខាន់បំផុតក្នុងការជំរុញការទប់ស្កាត់សង្គ្រាម»។ សេចក្ដីរាយការណ៍បន្តថា លោក គីម បានផ្តល់សច្ចាប័នលើសេចក្តីព្រាងឯកសារសម្រាប់ការធ្វើទំនើបកម្មសហគ្រាសផលិតអាវុធសំខាន់ៗ ហើយនឹងត្រូវដាក់ជូនសមាជបក្សដ៏សំខាន់ ដែលរំពឹងថានឹងធ្វើឡើងនៅដើមឆ្នាំ២០២៦ ខណៈក្នុងកិច្ចប្រជុំនោះ បក្សកាន់អំណាចនឹងកំណត់ផែនការអភិវឌ្ឍកូរ៉េខាងជើង សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។
របាយការណ៍របស់ KCNA ចុងក្រោយបំផុតអំពីផលិតកម្មមីស៊ីលរបស់ខ្លួន បានធ្វើឡើងបន្ទាប់ពីសេចក្ដីរាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបង្ហាញថា លោក គីម កំពុងត្រួតពិនិត្យការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទម្ងន់ ៨.៧០០តោន ជាមួយកូនស្រីរបស់លោក ដែលជាអាចអ្នកស្នងតំណែងបន្តដ៏មានសក្តានុពល និងការសាកល្បងបាញ់នូវមីស៊ីលបាញ់ពីលើផ្ទៃដីទៅអាកាស រយៈចម្ងាយឆ្ងាយ ក្នុងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះនិយាយថា មានបំណងវាយតម្លៃបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់ប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ សម្រាប់ការអភិវឌ្ឍមីស៊ីលរយៈកម្ពស់ខ្ពស់ប្រភេទថ្មី៕


