ចិន បានរិះគន់កិច្ចព្រមព្រៀងអាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកជាមួយតំបន់តៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ២៥ ធ្នូសប្ដាហ៍នេះ ដោយនិយាយថា ការលក់នេះកំពុងបង្កើនល្បឿនការគំរាមកំហែងនៃសង្គ្រាមក្នុងច្រកសមុទ្រតៃវ៉ាន់។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសលក់អាវុធក្នុងទំហំទឹកប្រាក់១១,១ ពាន់លានដុល្លារអាមេរិកទៅឱ្យកោះតៃវ៉ាន់ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់កោះនេះ។
លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយថា ភាគីសហរដ្ឋអាមេរិកបានដើរផ្ទុយពីការប្តេជ្ញាចិត្តរបស់ខ្លួន ដោយបង្កើនការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ និងបង្កើនការទទួលយកតំបន់តៃវ៉ាន់ ដែលជំរុញឱ្យមានភាពក្រអឺតក្រទមបន្ថែមទៀត និងបង្កើនល្បឿនការគំរាមកំហែងនៃសង្គ្រាមក្នុងច្រកសមុទ្រតៃវ៉ាន់។
លោក Zhang បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់រាល់សកម្មភាពបង្កហេតុទាំងអស់ និងកែតម្រូវទង្វើខុសរបស់ខ្លួន។
លោកបាននិយាយថា សេចក្តីព្រាងច្បាប់អវិជ្ជមានទាក់ទងនឹងកោះតៃវ៉ាន់របស់សហរដ្ឋអាមេរិក ជ្រៀតជ្រែកដោយចេតនាក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួនឯករាជ្យរបស់កោះតៃវ៉ាន់ ដែលធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរ។
អ្នកនាំពាក្យរូបនេះក៏បានជំរុញផងដែរ ឱ្យសហរដ្ឋអាមេរិក យល់ឱ្យបានពេញលេញអំពីភាពរសើបខ្ពស់នៃបញ្ហាតៃវ៉ាន់ គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន-សហរដ្ឋអាមេរិក៕

