អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ ធ្នូ) ថា ប្រទេសរុស្ស៊ី កំពុងតែវិភាគលម្អិតលើឯកសារស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលប្រេសិតពិសេសរុស្ស៊ី គឺលោក Kirill Dmitriev នាំយកទៅទីក្រុងមូស្គូ បន្ទាប់ពីកិច្ចពិភាក្សានៅសហរដ្ឋអាមេរិក។

គួរឱ្យដឹងថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានបើកកិច្ចចរចានៅទីក្រុងម៉ៃអាមី កាលពីចុងសប្តាហ៍មុន ជាមួយគណៈប្រតិភូអ៊ុយក្រែន និងអឺរ៉ុប ហើយបានធ្វើកិច្ចចរចាដាច់ដោយឡែកពីគ្នាផ្សេងទៀត នៅរដ្ឋ Florida ជាមួយតំណាងមកពីរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងស្ទាបស្ទង់វិសាលភាពសម្រាប់ការដោះស្រាយជម្លោះ ក្នុងសង្គ្រាមដ៏បង្ហូរឈាមជាច្រើនឆ្នាំមកនេះ។

កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Peskov បានបញ្ជាក់រួចមកហើយអំពីជំនួបរវាងមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងលោក Dmitriev ដោយនិយាយថា “ឥឡូវនេះ ដោយផ្អែកលើព័ត៌មានដែលទទួលបាន រុស្ស៊ីនឹងកំណត់ជំហររបស់ខ្លួន ហើយនិងបន្តទំនាក់ទំនងតាមបណ្តាញមានស្រាប់ ឱ្យឆាប់តាមដែលអាចធ្វើបាន។ សហរដ្ឋអាមេរិក ដឹងច្បាស់រួចមកហើយពីប៉ារ៉ាម៉ែត្រជាមូលដ្ឋាននៃជំហររបស់រុស្ស៊ី"។

ការប្រកាសនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃពុធ បានបើកបង្ហាញជាសាធារណៈអំពីកំណែចុងក្រោយបំផុតនៃសេចក្តីព្រាងផែនការសន្តិភាព ២០ចំណុច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី៕