ក្រសួងការពារជាតិកម្ពុជានាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។
ក្រសួងការពារជាតិ បានបញ្ជាក់ថា ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។
