យោងតាមក្រុមមន្ត្រីមូលដ្ឋាន បានឲ្យដឹងថា ព្យុះភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ធំៗនៃរដ្ឋកាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក បានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដី ហើយបានឆក់យកជីវិតមនុស្ស៣នាក់ គិតត្រឹមយប់បុណ្យណូអែល។

ព្យុះទាំងនេះ ដែលត្រូវគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ បាននាំមកនូវកម្រិតទឹកភ្លៀង១១ អ៊ីញ ឬស្មើ២៧ សង់ទីម៉ែត្រ ទៅកាន់តំបន់មួយចំនួននៃសង្កាត់ Los Angeles ហើយជំរុញឱ្យមានការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋាន និងបិទផ្លវសំខាន់ៗ។
ក្រុមអ្នកឆ្លើយតបបន្ទាន់បានធ្វើប្រតិបត្តិកាជួយសង្គ្រោះជាបន្តបន្ទាប់ រួមទាំងមនុស្សដែលជាប់នៅក្នុងយានយន្ត ខណៈទឹកជំនន់កំពុងកើនឡើងខ្លាំង។ អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom បានប្រកាសអាសន្នកាលពីថ្ងៃពុធសប្ដាហ៍នេះ នៅទីក្រុង Los Angeles និងសង្កាត់ផ្សេងទៀត នៅភាគខាងត្បូងរដ្ឋ កាលីហ្វ័រញ៉ា។
មនុស្សប្រហែលមួយសែននាក់ នៅក្នុងរដ្ឋនេះគ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។
មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់ដ៏គំហុក អាចនឹងកើតមានឡើងបន្ថែមទៀត៕

