រុស្ស៊ី៖ ចាប់តាំងពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចាប់ផ្ដើមឈ្លានពានអ៊ុយក្រែនមក មានការតវ៉ាជាច្រើនបានផ្ទុះឡើងនៅតាមទីក្រុងនានាទូទាំងប្រទេសរុស្ស៊ី ខណៈប្រជាពលរដ្ឋរុស្ស៊ីបង្ហាញការខឹងសម្បារ។ កុមារមួយចំនួនកំពុងត្រូវបានចាប់ខ្លួន ដោយសារតែការចូលរួមក្បួនតវ៉ាប្រឆាំងសង្គ្រាមក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមអ្នកនយោបាយក្រុមប្រឆាំងក្នុងប្រទេសនេះ។

បណ្ដាញសង្គមធ្វីតធ័រមួយមានឈ្មោះថា Novaya Gazeta បានចែករំលែករូបភាពបង្ហាញពីកុមារឈរ នៅខាងក្រោយរថយន្តនគរបាលនៅក្នុងប៉ុស្តិ៍នគរបាល។ សារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា កុមារមួយចំនួនត្រូវបានចាប់ខ្លួនបន្ទាប់ពីដាក់ផ្កានៅស្ថានទូតអ៊ុយក្រែន។ កុមារយ៉ាងហោចណាស់ ៣នាក់ដែលពួកគេនៅសិក្សាថ្នាក់បឋមសិក្សានៅឡើយ កំពុងអង្គុយនៅពីក្រោយរថយន្តរបស់នគរបាលក្រុង Moscow កាន់ផ្កា និងបដា។

មានរូបភាពបង្ហាញពីក្មេងស្រីម្នាក់កំពុងកាន់សញ្ញាមួយនិយាយថា គ្មានសង្គ្រាមនៅរុស្ស៊ី ដោយមានរូបគំនូរទង់ជាតិរុស្ស៊ី និងអ៊ុយក្រែនតូចៗព័ទ្ធជុំវិញពាក្យនោះ។ យ៉ាងណាសារព័ត៌មានខាងលើនិយាយថា កុមារទាំងនោះត្រូវបានដោះលែងវិញនៅពេលមេធាវីបានទៅដល់៕
អត្ថបទ៖ សុខមាន