ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានប្ដេជ្ញាការពារសេរីភាពសាសនាក្នុងសេចក្តីថ្លែងការណ៍ និងលិខិតមួយដែលបានចេញផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃបុណ្យណូអែល២៥ធ្នូ។

លោក Tinubu បាននិយាយក្នុងលិខិតមួយដែលភ្ជាប់ទៅនឹងសេចក្តីថ្លែងការណ៍របស់លោកថា ក្នុងនាមជាប្រធានាធិបតីរបស់អ្នក ខ្ញុំនៅតែប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់សេរីភាពសាសនាក្នុងប្រទេសនីហ្សេរីយ៉ា និងការពារមនុស្សទាំងអស់ដែលមានជំនឿខុសៗគ្នាពីអំពើហិង្សា។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងយោធាអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា តាមសំណើរបស់រដ្ឋាភិបាលនីហ្សេរីយ៉ា ដោយអះអាងថាក្រុមនេះបានកំណត់គោលដៅលើក្រុមគ្រិស្តសាសនិកនៅក្នុងតំបន់។
ទីបញ្ជាការអាហ្វ្រិករបស់យោធាអាមេរិកបាននិយាយលើបណ្ដាញសង្គម X ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងតបតាមសំណើរបស់អាជ្ញាធរនីហ្សេរីយ៉ា និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ISIS ជាច្រើន។

ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីលោក Trump ដែលបានចាប់ផ្តើមការព្រមានកាលពីចុងខែតុលា ថា សាសនាគ្រឹស្តប្រឈមនឹងការគំរាមកំហែងអត្ថិភាព ក្នុងប្រទេសនីហ្សេរីយ៉ា និងបានគំរាមកំហែងធ្វើអន្តរាគមន៍យោធាក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ នូវអ្វីដែលលោកនិយាយថា ជាការបរាជ័យរបស់ប្រទេសនេះ ក្នុងការបញ្ឈប់អំពើហិង្សាដាក់គោលដៅលើសហគមន៍គ្រិស្តសាសនិក៕