ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេស អូម៉ង់ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅបន្តលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីនាពេលខាងមុខ។
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ មីនា ឆ្នាំ២០២២នេះ បានទទួលជួបឯកឧត្តម សាឡិច ម៉ូហាម៉េត អាម៉េតអាយស៊ូគ្រី (Saleh Mohamed Ahmed Al Suqri) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូម៉ង់ ប្រចំាកម្ពុជា។
ក្នុងជំនួបនេះ លោកជំទាវ តឹករ៉េត កំរង បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មការទូតដ៏មានអត្ថន័យជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កម្ពុជា និងអូម៉ង់នឹងមានលទ្ធភាពពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។
ទន្ទឹមនេះលោកជំទាវ បានជម្រាបជូនពីកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ដែលទ្រទ្រង់ដល់ធុរជន និងវិនិយោគិនគ្រប់ទីមជ្ឈដ្ឋាន ជាក់ស្តែងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងក្របខណ្ឌអាស៊ានបូកដៃគូ និងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
លោកជំទាវ បានលើកទឹកចិត្តវិនិយោគិនអូម៉ង់ចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការវិនិយោគលើផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ចេក ស្វាយ គ្រឿងអេឡិចត្រូនិច ទំនិញសម្រាប់ការធ្វើដំណើរ និងវាយនភ័ណ្ឌ។-ល-។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការប្តេជ្ញាខ្ពស់របស់ភាគីអូម៉ង់ ដើម្បីលើកស្ទួយទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ កំពង់ផែអន្តរជាតិ និងសភាពាណិជ្ជកម្ម។
គិតក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូម៉ង់ សម្រេចបានប្រមាណ ៥,៥លានដុល្លារអាម៉េរិក។
បើទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត ប្រទេសទាំងពីរមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងផ្តល់នូវកាលានុវត្តភាពក្នុងការជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើងនាពេលអនាគត៕អត្ថបទ ឈិត បូរ៉ាវី




