នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ ធ្នូ) ថា ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់ទស្សនកិច្ចរបស់លោកស្រី ដើម្បីទៅជួបជាមួយលោកប្រធានាធិបតី Donald Trump នៅសហរដ្ឋអាមេរិក នាដើមឆ្នាំ២០២៦ ដ៏ឆាប់ខាងមុខ ខណៈទីក្រុងតូក្យូ កំពុងស្វះស្វែងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តខ្លួន ស្របពេលភាពតានតឹងជាមួយប្រទេសចិន។

នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានបើកជំនួបកំពូលជាមួយលោក Trump ម្ដងរួចមកហើយ នៅពេលលោកទៅទស្សនកិច្ចជប៉ុន កាលពីខែតុលា កន្លងទៅ។ ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងតូក្យូ លោកស្រី Takaichi បាននិយាយថា លោកស្រីចង់សម្រេចកិច្ចប្រជុំកំពូលមួយផ្សេងទៀត «នៅកាលបរិច្ឆេទដ៏ឆាប់បំផុត» ដោយបន្ថែមថា ជំនួបនោះនឹងកើតឡើង «នៅដើមឆ្នាំក្រោយនេះ»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន រាយការណ៍ថា ទីក្រុងតូក្យូ ចង់បានកិច្ចប្រជុំកំពូលមួយទៀតនេះ ក្រោមក្ដីបារម្ភថា លោក Trump កំពុងបន្ទន់ជំហរចំពោះចិន ខណៈលោកស្វះស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ស្របពេលទំនាក់ទំនងចិន-ជប៉ុន កំពុងកាន់តែតានតឹងខ្លាំងឡើង។
ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន បាននិយាយក្នុងសប្ដាហ៍នេះថា ទីក្រុងតូក្យូ កំពុងពិភាក្សាជាមួយរដ្ឋបាលរបស់លោក Trump អំពីលទ្ធភាពនៃកិច្ចប្រជុំកំពូលមួយផ្សេងទៀតនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ពោលគឺ មុនពេលកិច្ចប្រជុំកំពូលដែលរំពឹងទុកនៅទីក្រុងប៉េកាំង រវាងលោក Trump និងប្រធានាធិបតីចិន លោក Xi Jinping នៅឆ្នាំដដែលនោះ៕

