ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៥ ធ្នូ) សប្ដាហ៍នេះថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានដាក់លក្ខខណ្ឌមួយសម្រាប់ការឈានទៅមុខលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់ក្នុងតំបន់ហ្កាហ្សាស្ទ្រីប នោះគឺជាការរកឃើញសាកសពចំណាប់ថ្នូរម្នាក់ចុងក្រោយរបស់អ៊ីស្រាអែល ដែលនៅក្នុងដែនដីហ៊ុមព័ទ្ធនេះ។

សេចក្ដីរាយការណ៍ ដែលថា អ៊ីស្រាអែល កំពុងចងភ្ជាប់លក្ខខណ្ឌចាប់ផ្តើមកិច្ចចរចាលើដំណាក់កាលទីពីរ ទៅនឹងការយកសាកសពចំណាប់ថ្នូរអ៊ីស្រាអែលចុងក្រោយនោះ ហាក់ជាការពន្យារពេល ខណៈក្រុមហាម៉ាសបាននិយាយរួចមកហើយថា ការស្វែងរកសាកសពអាចចំណាយពេលយូរណាស់ ដោយសារតែទំហំនៃការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ហ្កាហ្សា។

ស្ថានការណ៍នេះកើតឡើង ស្របពេលមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មន្រ្តីអ៊ីស្រាអែល កំពុងរៀបចំសម្រាប់កិច្ចប្រជុំកំពូលនាពេលខាងមុខរបស់លោក Netanyahu ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Miami រដ្ឋ Florida។ នេះនឹងជាដំណើរទស្សនកិច្ចលើកទី៥ ហើយរបស់លោក Netanyahu ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីខែមករា ឆ្នាំ២០២៥ មក ដោយរបាយការណ៍និយាយថា ដំណើរទស្សនកិច្ចនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែធ្នូ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំក្រោយ។
សេចក្ដីរាយការណ៍ក៏និយាយផងដែរថា លោក Steve Witkoff ប្រេសិតពិសេសរបស់លោក Trump បានប្រាប់ពីការរំពឹងទុករបស់ទីក្រុងវ៉ាស៊ីនតោន ដល់មន្ត្រីអ៊ីស្រាអែលនៅមុនកិច្ចប្រជុំកំពូលនោះថា ការឆ្ពោះទៅមុខលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងហ្កាហ្សា រំពឹងទុកនៅដើមខែមករា ខាងមុខ៕