យោធាអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនបានប្រើមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ដើម្បីវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងសារបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយថា រោងចក្រចម្រាញ់ប្រេង Novoshakhtinsk ត្រូវបានវាយប្រហារដោយមីស៊ីល ហើយ «ការផ្ទុះជាច្រើន» ត្រូវបានកត់ត្រាទុក។ ប្រទេសនេះ បានប្រើមីស៊ីលរបស់អង់គ្លេសរួចហើយ ដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«អង្គភាពនៃកងទ័ពអាកាសរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយ ក្រែនបានវាយប្រហាររោងចក្រផលិតផលប្រេង Novoshakhtinsk នៅក្នុងតំបន់ Rostov នៃសហព័ន្ធរុស្ស៊ីដោយជោគជ័យ ជាមួយនឹងមីស៊ីលតម្រង់គោលដៅ Storm Shadow ដែលបាញ់ចេញពីអាកាស»។

យោធាបាននិយាយថា រោងចក្រ Novoshakhtinsk គឺជាអ្នកផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈដ៏សំខាន់មួយនៅភាគខាងត្បូងប្រទេសរុស្ស៊ី «ហើយពាក់ព័ន្ធដោយផ្ទាល់ក្នុងការផ្គត់ផ្គង់កងកម្លាំងប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ី» ជាពិសេសជាមួយប្រេងម៉ាស៊ូត និងប្រេងកាតសម្រាប់យន្តហោះ។
អ៊ុយក្រែន ដែលប្រឈមនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូនជារៀងរាល់ថ្ងៃពីរុស្ស៊ី បានព្យាយាមឆ្លើយតបជាមួយនឹងការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីលើកន្លែងថាមពល និងហេដ្ឋារចនាសម្ព័ន្ធ៕