អតីតស្នងការនគរបាលអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារប្រដាប់អាវុធមួយ នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍។

សារព័ត៌មាន Mehr ដែលបានដកស្រង់ប្រភពព័ត៌មានមួយជាមួយនគរបាលអ៊ីរ៉ង់ដែលបានបញ្ជាក់ពីការធ្វើឃាតនេះ បានអះអាងថា លោក Ikramuddin Saree ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាស្នងការនគរបាលនៃខេត្ត Takhar ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោកត្រូវបានបាញ់សម្លាប់ បន្ទាប់ពីចាកចេញពីកន្លែងធ្វើការរបស់ខ្លួន នៅផ្លូវ Valiasr Street នៅក្នុងទីក្រុងតេអេរ៉ង់។
កាសែត Mehr បានបន្ថែមថា លោក Saree ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែបានស្លាប់ដោយសាររបួសធ្ងន់ធ្ងររបស់លោក។ ការស៊ើបអង្កេតលើហេតុការណ៍នេះ កំពុងបន្ត៕