រុស្ស៊ី៖ បាតុកម្មប្រឆាំងសង្គ្រាមបានកើតឡើងនៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជូនកម្លាំងរបស់លោកចូលឈ្លានពានអ៊ុយក្រែន។ ក្រុមបាតុករបានដើរក្បួននៅក្នុងទីក្រុងជាច្រើនដោយស្រែកពាក្យថា គ្មានសង្គ្រាម។

នៅក្នុងទីក្រុង St. Petersburg ជាទីដែលមនុស្សរាប់សិបនាក់បានប្រមូលផ្ដុំគ្នានៅកណ្ដាលទីក្រុង ហើយនគរបាលបង្ក្រាបកុបកម្មបានចាប់ខ្លួនអ្នកតវ៉ា និងអូសចូលរថយន្តនគរបាល ទោះបីនោះជាបាតុកម្មដោយសន្តិវិធីក៏ដោយ។ យោងតាម OVD-Info ដែលជាអង្គការតាមដានការតវ៉ានៅក្នុងប្រទេសរុស្ស៊ី មនុស្សជិត ៧,០០០នាក់ត្រូវបានចាប់ខ្លួនដោយនគរបាលរុស្ស៊ីនៅក្នុងការតវ៉ាផ្សេងៗគ្នាក្នុងទីក្រុងចំនួន៥០។ គេបានមើលឃើញក្រុមអ្នកតវ៉ាមួយចំនួន ត្រូវនគរបាលបង្ក្រាបកុបកម្មរុស្ស៊ីចាប់ខ្លួនក្នុងទីក្រុង St. Petersburg កាលពីល្ងាចថ្ងៃអង្គារ ខណៈពួកគេតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ការតវ៉ាប្រឆាំងសង្គ្រាមនៅក្នុងទីក្រុង St Petersburg បានបន្តមកដល់ថ្ងៃពុធ ខណៈការឈ្លានពានដោយយោធារបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តមកដល់ថ្ងៃទី៨។ ការតវ៉ាប្រឆាំងនឹងសង្គ្រាមតែងត្រូវបានកើតមានស្ទើររាល់ថ្ងៃនៅក្នុងទីក្រុងនេះ ព្រមទាំងនៅតំបន់ផ្សេងទៀតរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីការឈ្លានពានកាលពីថ្ងៃព្រហស្បតិ៍៕
អត្ថបទ៖ សុខមាន