សមាជិកសភាបក្សប្រឆាំងរបស់កោះតៃវ៉ាន់ បានចាប់ផ្តើមដំណើរការចោទប្រកាន់ទម្លាក់តំណែងរបស់មេដឹកនាំ លោក Lai Ching-te ជាការប៉ុនប៉ងមួយដែលស្ទើរតែប្រាកដណាស់មិនអាចទទួលបានជោគជ័យឡើយ ដោយសារតែពួកគេខ្វះនូវសំឡេងឆ្នោត ដើម្បីឆ្ពោះទៅមុខ។
នៅថ្ងៃសុក្រ (ទី២៦ ខែធ្នូ) នេះ សមាជិកសភាមកពីបក្ស Kuomintang (KMT) និងបក្សប្រជាជនតៃវ៉ាន់ (Taiwan People’s Party) បានកំណត់ការបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ តែយ៉ាងណាក្ដី កិច្ចប្រឹងប្រែងនេះទំនងជានឹងនៅទ្រឹងនាពេលនោះ ដោយសារតែបើទោះបីក្រុមនេះគ្រប់គ្រងកៅអីភាគច្រើននៅក្នុងសភាក៏ដោយ ក៏ពួកគេខ្វះសំឡេងឆ្នោតចាំបាច់ ២ភាគ៣ ដើម្បីដំណើរការដែរ។

ចំណាត់ការរបស់បក្សប្រឆាំងនេះកើតឡើង ស្របពេលដែលមានភាពតានតឹង រវាងលោក Lai និងគណបក្សប្រឆាំង ជុំវិញការដោះស្រាយទំនាក់ទំនងជាមួយប្រទេសចិន របៀបចំណាយថវិការពន្ធ តម្រូវការ ដើម្បីធ្វើកំណែទម្រង់ ចំពោះស្ថាប័ននានា ដូចជាប្រព័ន្ធតុលាការ និងជាច្រើនទៀត។
គណបក្សប្រឆាំងលើកឡើងថា ខ្លួនចង់ចោទប្រកាន់ទម្លាក់តំណែងលោក Lai ដោយសារតែរដ្ឋាភិបាលរបស់លោក បានបដិសេធមិនធ្វើវិសោធនកម្មដែលខ្លួនបានអនុម័ត ជាអ្វីដែលនឹងផ្លាស់ប្តូរប្រាក់ចំណូលសារពើពន្ធកាន់តែច្រើន ចំពោះរដ្ឋបាលក្រុង និងតំបន់ ដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយគណបក្ស KMT។ សមាជិកសភា បានចោទប្រកាន់លោកថា បានរំលោភលើការត្រួតពិនិត្យរដ្ឋធម្មនុញ្ញ ស្ដីពីអំណាចរបស់មេដឹកនាំ។
ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងនេះ អ្នកនាំពាក្យការិយាល័យមេដឹកនាំ លោកស្រី Karen Kuo បាននិយាយថា ការិយាល័យនេះគោរពចំណាត់ការរបស់គណបក្សប្រឆាំង ដរាបណាវាគឺជាការអនុវត្ត «ស្របច្បាប់ មិនរំលោភរដ្ឋធម្មនុញ្ញ និងត្រឹមត្រូវតាមនីតិវិធី»៕
