នារសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរងសមាគម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីក្នុង ភូមិប៊ុនរ៉ានីសែនជ័ជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីត្រៀមរៀបចំជាកសិដ្ឋានចិញ្ចឹមជ្រូកកណ្ដុរ និងដាំដុះបន្លែបង្ការសម្រាប់ផ្គត់ផ្គង់ជាចំណីសត្វ។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានឲ្យដឹងថាបច្ចុប្បន្នសមាគមបាននឹងកំពុងរៀបចំទីតាំងកសិដ្ឋានរួមមួយសម្រាប់ផ្ដល់ជូនបងប្អូនចិញ្ចឹមដោយបែងចែកជាទ្រុងតាមគ្រួសារនីមួយៗ ហើយសមាគមក៏បានសិក្សាជាមួយអ្នកជំនាញរៀបចំកសិដ្ឋានតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដោយគិតគូរយ៉ាងម៉ត់ចត់ ធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់បរិស្ថានឡើយ។

តាមការឲ្យដឹងពីអ្នកជំនាញកសិកម្មរបស់ក្រុមហ៊ុន PASSION GROUP ដែលសហការជាមួយនឹងសមាគមបានឲ្យដឹងថា ជ្រូកកណ្ដុរជាពូជជ្រូកដែលស្រួលចិញ្ចឹម និងចំណាយពេលចិញ្ចឹមខ្លី ហើយពួកវាស៊ីអាហារធម្មជាតិដែលមានដូចជា ដើមចេក ផ្លែចេក ត្រកួន ដំឡូងមី ស្ពៃ និងបន្លែជាច្រើនប្រភេទទៀតព្រមទាំងផ្លែឈើដែលអ្នកភូមិដាំដុះបានមានដូចជាស្វាយទុំ ល្ហុង ខ្នុរ ជាដើម។

សូមជម្រាបជូនថាកម្មវិធីជំរុញការអភិវឌ្ឍកសិកម្ម និងចិញ្ចឹមសត្វ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាកិច្ចសហការរវាងសមាគមជាមួយក្រុមហ៊ុនឯកជន ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពសហគមន៍ឲ្យមានភាពល្អប្រសើរឡើង។ បច្ចុប្បន្នគម្រោងនេះទទួលបានការគាំទ្រច្រើនពីបងប្អូនអអតីតយុទ្ធជន និងគ្រួសារ ព្រមទាំងនិវត្តជន ដែលគិតមកដល់ពេលនេះមានជាង ១០០ គ្រួសារហើយដែលបានចុះឈ្មោះចិញ្ចឹមជ្រូកកណ្ដុរនេះ៕





