ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែធ្នូ) បានលើកឡើងថា រដ្ឋាភិបាលចិនសង្ឃឹមថា ក្រុមហ៊ុននានា អាចឈានដល់ដំណោះស្រាយដែលគោរពតាមច្បាប់របស់ចិន និងឆ្លុះបញ្ចាំងពីការពិចារណានូវផលប្រយោជន៍ប្រកបដោយតុល្យភាព នៅពេលដែលត្រូវបានសួរអំពីបណ្ដាញសង្គម TikTok ដែលបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា នៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់ក្រសួង លោកស្រី He Yongqian ត្រូវបានសួរក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដើម្បីឲ្យអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗ ដែលថា ក្រុមហ៊ុនបណ្ដាញសង្គម TikTok បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកវិនិយោគ ៣រូប ហើយនឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មី នៅសហរដ្ឋអាមេរិក ដើម្បីធានាឲ្យប្រតិបត្តិការរបស់កម្មវិធីចែករំលែកវីដេអូខ្លីៗនេះបន្តមាននៅក្នុងសហរដ្ឋអាមេរិក។

លោកស្រីបាននិយាយថា ដើម្បីអនុវត្តការឯកភាពគ្នាដែលសម្រេចបានក្នុងអំឡុងពេលមានការជជែកតាមទូរសព្ទ រវាងប្រមុខរដ្ឋទាំង២ ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មភាគីទាំង២ បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមូលដ្ឋាន ស្តីពីការដោះស្រាយបញ្ហាឲ្យបានសមស្រប ក្នុងរួមទាំងប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក តាមរយៈកិច្ចសហប្រតិបត្តិការផងដែរ។
លោកស្រីបានបង្ហាញនូវក្តីសង្ឃឹមថា ភាគីអាមេរិក នឹងធ្វើការក្នុងទិសដៅដូចគ្នាជាមួយប្រទេសចិន ហើយបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ បើកចំហ តម្លាភាព និងគ្មានការរើសអើង ចំពោះក្រុមហ៊ុនចិន ដើម្បីធ្វើប្រតិបត្តិការប្រកបដោយស្ថិរភាព និងនិរន្តរភាព នៅក្នុងសហរដ្ឋអាមេរិក។
ហើយជាមួយគ្នានេះ លោកស្រីក៏បានចែករំលែកក្តីសង្ឃឹមរបស់ប្រទេសចិន ចំពោះសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព ល្អប្រសើរ និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក៕
