ប្រធានគណបក្សប្រជាជនអឺរ៉ុបអភិរក្សនិយម (EPP) និងក្រុមរបស់ខ្លួន នៅក្នុងសភាអឺរ៉ុប លោក Manfred Weber បានតស៊ូមតិឱ្យបុគ្គលិកកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ចូលរួមក្នុងការធានាដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន ក្រោមទង់ជាតិអឺរ៉ុប។
លោក Weber បានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយ Funke ថា៖«អឺរ៉ុបត្រូវតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ការធានាសន្តិសុខរយៈពេលវែងដល់អ៊ុយក្រែន។ ខ្ញុំសង្ឃឹមថា យើងនឹងមិននិយាយអំពីជាតិទេ ប៉ុន្តែនិយាយអំពីរចនាសម្ព័ន្ធប្រតិបត្តិការអឺរ៉ុប។ ខ្ញុំចង់ឲ្យទាហានដែលមានទង់ជាតិអឺរ៉ុបនៅលើឯកសណ្ឋានរបស់ពួកគេ ដើម្បីធានាសន្តិភាពរួមគ្នាជាមួយមិត្តភក្តិអ៊ុយក្រែនរបស់យើង»។

អ្នកនយោបាយរូបនេះ បានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងមិន «ធានាដោះស្រាយដោយសន្តិវិធីទាំងស្រុងជាមួយកងទ័ពអាមេរិក»ទេ ដោយបន្ថែមថា ប្រសិនបើមានកងទ័ពអឺរ៉ុប «អាល្លឺម៉ង់មិនអាចឈរមួយឡែកបានទេ»។ លោកបានបញ្ជាក់ថា អឺរ៉ុប «ត្រូវតែទទួលខុសត្រូវចំពោះសន្តិសុខរបស់អ៊ុយក្រែន» ហើយថា «បន្ទាប់ពីមានបទឈប់បាញ់ ឬការសម្រេចបាននូវ កិច្ចព្រមព្រៀងសន្តិភាព ទង់ជាតិអឺរ៉ុបគួរតែមានតាមបណ្តោយខ្សែបន្ទាត់សន្តិសុខ»។ លោក Weber ក៏បានសម្តែងការសង្ស័យអំពីបទឈប់បាញ់រហ័សផងដែរ។
កាលពីថ្ងៃទី ២២ ខែធ្នូ មេដឹកនាំសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការពិភាក្សារបស់ពួកគេនៅទីក្រុងប៊ែរឡាំង។ ពួកគេបានស្នើថា ការធានាសម្រាប់ទីក្រុងគីវ គួរតែរួមបញ្ចូលការបង្កើតកងកម្លាំងពហុជាតិដឹកនាំដោយអឺរ៉ុបសម្រាប់អ៊ុយក្រែន ដែលប្រមូលផ្តុំពីប្រទេសដែលមានចំណាប់អារម្មណ៍ជាផ្នែកមួយនៃ «សម្ព័ន្ធភាពនៃឆន្ទៈ» ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍នេះ សរសេរថា៖«កងកម្លាំងនេះ នឹងរួមចំណែកដល់ការកសាងឡើងវិញនូវកងកម្លាំងប្រដាប់អាវុធអ៊ុយ ក្រែន និងការថែរក្សាសន្តិសុខផ្លូវអាកាស និងផ្លូវសមុទ្ររបស់អ៊ុយក្រែន រួមទាំងតាមរយៈប្រតិបត្តិការនៅក្នុងប្រទេសនេះ»៕
