យោងតាមក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា Inno បានឲ្យដឹងថា ភោជនីយដ្ឋាន និងសណ្ឋាគារជាង ១.៣០០ នៅប្រទេសអារ៉ាប់រួម នឹងចាប់ផ្តើមប្រើប្រាស់កម្មវិធី (SOFTWARE)របស់រុស្ស៊ី ដើម្បីបម្រើភ្ញៀវរបស់ពួកគេ។

ក្រុមហ៊ុននេះ បាននិយាយថា៖«Inno ដែលជាអ្នកលក់កម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT)របស់រុស្ស៊ីសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច នឹងចាប់ផ្តើមផ្តល់សេវាកម្មដល់ភោជនីយដ្ឋាន និងសណ្ឋាគារជាង ១៣០០ នៅអារ៉ាប់រួម នៅចុងឆ្នាំនេះ។ គេហទំព័រថលឌីជីថលដែលបង្កើតឡើងដោយក្រុមហ៊ុននេះ អនុញ្ញាតឲ្យភ្ញៀវជ្រើសរើសម្ហូប ឬសេវាកម្មបានយ៉ាងងាយស្រួល និងធ្វើការទូទាត់វិក្កយបត្រដោយពុំបាច់ប្រើប្រាក់សុទ្ធរបស់ពួកគេទេ»។
កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចជាមួយក្រុមហ៊ុន Affinect នៅឯពិធីតាំងពិព័រណ៍ Gitex IT។ កិច្ចសហការនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ១.២ លានដុល្លារ។
ក្រុមហ៊ុនបាននិយាយថា៖«កម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា បង្កើនល្បឿននៃសេវាកម្មភ្ញៀវ និងអនុញ្ញាតឲ្យអ្នកទស្សនាទទួលបានសេវាកម្មដែលត្រូវការយ៉ាងឆាប់រហ័ស។ កម្មវិធីនេះ ត្រូវបានអនុវត្តតាមរយៈការរួមបញ្ចូល គេហទំព័រ Wi-Fi សម្រាប់ភ្ញៀវ ដែលបង្កើតឡើងដោយក្រុមហ៊ុនដៃគូ»៕
