សារព័ត៌មាន Kommersant បានរាយការណ៍ថា លោកប្រធានាធិបតី Vladimir Putin បានប្រាប់ពាណិជ្ជករធំៗមួយចំនួនរបស់រុស្ស៊ីថា លោកអាចបើកចំហ ចំពោះការដោះដូរដែនដីមួយចំនួនគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី នៅប្រទេសអ៊ុយក្រែន ប៉ុន្តែលោកចង់បានតំបន់ Donbas ទាំងមូល។
លោក Andrei Kolesnikov អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិមានក្រឹមឡាំង សម្រាប់ Kommersant ដែលជាសារព័ត៌មានឈានមុខមួយរបស់រុស្ស៊ី បានប្រាប់ថា លោក Putin បានពន្យល់អ្នកជំនួញធំៗ អំពីសេចក្ដីលម្អិតនៃផែនការនេះ ក្នុងកិច្ចប្រជុំ នៅវិមានក្រឹមឡាំងកាលពីយប់ថ្ងៃទី២៤ ខែធ្នូ។
សារព័ត៌មាន Kommersant បានរាយការណ៍ថា៖ «លោក Vladimir Putin បានអះអាងថា ភាគីរុស្ស៊ីនៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសម្បទានដែលលោកបានផ្ដល់ឲ្យនៅទីក្រុង Anchorage (រដ្ឋ Alaska សហរដ្ឋអាមេរិក)។ តែ Donbas គឺជារបស់យើង»។

លោក Kolesnikov បានសរសេរនៅលើទំព័រសារព័ត៌មាននោះថា នៅក្នុងខ្លឹមសារនេះ លោក Putin ចង់បានតំបន់ Donbas ទាំងមូល ប៉ុន្តែនៅខាងក្រៅតំបន់នោះ «ការដោះដូរដែនដីដោយផ្នែកពីភាគីរុស្ស៊ី មិនត្រូវបានច្រានចោលឡើយ»។
នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មានដែលចេញផ្សាយដោយការិយាល័យរបស់លោក កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកឡើងថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានទៅកៀកបន្តិចហើយ ក្នុងការបញ្ចប់ផែនការ ២០ចំណុច នៅក្នុងកិច្ចពិភាក្សាកាលពីចុងសប្តាហ៍ នៅទីក្រុង Miami សហរដ្ឋអាមេរិក។
ប៉ុន្តែលោក Zelenskiy បានបញ្ជាក់ថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនបានរកឃើញមូលដ្ឋានរួម ជុំវិញការទាមទារឲ្យអ៊ុយក្រែនប្រគល់ផ្នែកនៃតំបន់ Donbas ដែលខ្លួននៅតែគ្រប់គ្រង ឬស្ដីពីអនាគតនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីឡើយ៕
