ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី២៦ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងចាត់ថ្នាក់ឡើងវិញនូវសារព័តរដ្ឋដែលត្រូវបានហាមឃាត់ជាយូរមកហើយរបស់កូរ៉េខាងជើងចូលជាព័ត៌មានទូទៅ ដោយបន្ធូរបន្ថយការរឹតបន្តឹងលទ្ធភាពរបស់សាធារណជន ជាកាយវិការចុងក្រោយបង្អស់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី Lee Jae Myung ដែលគាំទ្រគោលនយោបាយសន្តិភាព និងផ្សះផ្សា។
កូរ៉េខាងត្បូងនៅតែស្ថិតក្នុងសង្គ្រាមជាផ្លូវការ ជាមួយប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបម្រាមសន្តិសុខជាតិដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ ពាក់ព័ន្ធនឹងការឃោសនារបស់ទីក្រុងព្យុងយ៉ាង នៅតែមានដដែល។

អ្នករិះគន់ ដែលរួមមានទាំងលោកប្រធានាធិបតី Lee ផងដែរ លើកឡើងថា ប្រជាជនកូរ៉េខាងត្បូងមានភាពចាស់ទុំខាងនយោបាយគ្រប់គ្រាន់ ដើម្បីវិនិច្ឆ័យដោយខ្លួនឯងផ្ទាល់នូវខ្លឹមសារពីសារព័ត៌មានបែបនេះ ដែលជារឿយៗលើកតម្កើងមេដឹកនាំរបស់កូរ៉េខាងជើង។
ពួកគេក៏បាននិយាយផងដែរថា ការហាមប្រាមនេះ ស្មើនឹងការរឹតបន្តឹងមិនចាំបាច់ នៅក្នុងប្រទេសប្រជាធិបតេយ្យដ៏រឹងមាំ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រព័ន្ធបច្ចេកវិទ្យា និងការអប់រំខ្ពស់បំផុត នៅក្នុងពិភពលោក។
តាមរយៈសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូនេះ ការកោះប្រជុំមួយត្រូវបានធ្វើឡើង ដែលជាកិច្ចប្រជុំអន្តរទីភ្នាក់ងារ ហើយមានការបញ្ជាក់អះអាងពីការឯកភាពគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ ទាក់ទងនឹង «ការចាត់ថ្នាក់ឡើងវិញនូវសារព័ត៌មាន Rodong Sinmun ពីអង្គភាពត្រូវបានរឹតបន្តឹងទៅជាអង្គភាពទូទៅ»៕
