ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ (ទី២៦ ខែធ្នូ) នេះ បានប្រកាសដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន ១០រូប និងក្រុមហ៊ុនការពារជាតិអាមេរិកចំនួន ២០ស្ថាប័ន ក្នុងនោះរួមទាំងសាខាក្រុមហ៊ុន Boeing ក្នុងទីក្រុង St Louis សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។
ក្រសួងបានបញ្ជាក់ថា វិធានការនេះ តម្រូវឲ្យមានការបង្កកទ្រព្យសម្បត្តិណាមួយដែលក្រុមហ៊ុន និងបុគ្គលទាំងនោះរក្សាទុកក្នុងប្រទេសចិន និងហាមប្រាមអង្គការ ក្នុងស្រុក និងបុគ្គលមិនឲ្យធ្វើអាជីវកម្មជាមួយពួកគេ។

ជាមួយគ្នានេះ ក្រសួងបានបន្ថែមថា បុគ្គលនៅក្នុងបញ្ជីនេះ ដែលរួមមានទាំងស្ថាបនិកក្រុមហ៊ុនការពារជាតិ Anduril Industries និងនាយកប្រតិបត្តិជាន់ខ្ពស់ចំនួន ៩រូបពីក្រុមហ៊ុនដែលត្រូវបានដាក់ទណ្ឌកម្ម ក៏ត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសចិនផងដែរ។
គួរបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន អំពីការលក់អាវុធតម្លៃ ១១,១ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាមេរិក សម្រាប់កោះនេះ ជាអ្វីដែលនាំឲ្យមានការខឹងសម្បាពីទីក្រុងប៉េកាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា៖ «បញ្ហាកោះតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍ដ៏សំខាន់របស់ប្រទេសចិន និងជាបន្ទាត់ក្រហមទី១ ដែលមិនអាចឆ្លងកាត់បាន នៅក្នុងទំនាក់ទំនងចិន-អាមេរិក»៕
