បាល់ទាត់៖ អតីតអ្នកចាត់ការ Norwich City លោក Daniel Farke បានចាកចេញពីក្លិបរុស្ស៊ី Krasnodar ទាំងមិនទាន់បានដឹកនាំក្រុមសូម្បីមួយប្រកួត។ បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះបានផ្លាស់ទៅដឹកនាំក្លិបនៅក្របខណ្ឌ Russian Premier League មួយនេះកាលពីខែមករា ដោយបានចុះហត្ថលេខាដែលមានសុពលភាពដល់ឆ្នាំ២០២៤។

ការងាររបស់លោក Daniel Farke គ្រោងនឹងចាប់ផ្តើមកាលពីសប្តាហ៍មុនពេល Krasnodar ជួបជាមួយ Lokomotiv Moscow តែដោយសារសង្គ្រាមរុស្ស៊ីចាប់ផ្តើមវាយលុកឈ្លានពានអ៊ុយក្រែននោះ អាកាសយានដ្ឋានទីក្រុង Krasnodar ត្រូវបានបិទទ្វារ ហើយការប្រកួតក៏ត្រូវបានលើកពេលផងដែរ។ ក្លិប Krasnodar បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ភាគីទាំងពីរក្លិប និងលោក Daniel Farke បានព្រមព្រៀងគ្នាដើម្បីបញ្ចប់កិច្ចសន្យានេះ។ ការចាកចេញរបស់លោក Daniel Farke បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់មួយរូបទៀតលោក Markus Gisdol ក៏បានចាកចេញពីក្លិប Lokomotiv Moscow ផងដែរកាលពីថ្ងៃអង្គារ។ រំលឹកថា លោក Daniel Farke បានចាកចេញពី Norwich City កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយដឹកនាំបាន ៤ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ