កិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី១ រវាង ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ូហាម៉ាដ ណាហ្សេរុល អ៊ីស្លាម (Md. Nazrul Islam) អនុរដ្ឋមន្ត្រីការបរទេសទទួល បន្ទុកកិច្ចការទ្វេភាគី និងជាអគ្គាធិការទទួលបន្ទុកស្ថានបេសកកម្មបង់ក្លាដែស នៃក្រសួងការបរទេស បង់ក្លាដែស បានពិភាក្សាយ៉ាងទូលំទូលាយអំពីមធ្យោបាយនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី បន្ថែមទៀត និងបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអទិភាព រួមមានពាណិជ្ជកម្ម និង វិនិយោគ ទេសចរណ៍ សុខាភិបាល កសិកម្ម និងនេសាទ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ក្នុងអំឡុងពេលកិច្ចពិគ្រោះយោបល់ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តនយោបាយ និង សង្គម-សេដ្ឋកិច្ច នៅក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិ។ កម្ពុជាសាទរចំពោះ ការលើកឡើងរបស់ភាគីបង់ក្លាដែស ស្តីពីវឌ្ឍនភាពរបស់ខ្លួនឆ្ពោះទៅរកការចាកចេញពីឋានៈជាប្រទេស អភិវឌ្ឍន៍តិចតួចបំផុត (LDC) ដែលរំពឹងទុកនៅឆ្នាំ២០២៦ និងបានសម្តែងការកោតសរសើរចំពោះការចែក រំលែកពីបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសបង់ក្លាដែស។



