នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនខ្មែរ និងសប្បុរសជនដែលផ្តល់ថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីពិនិត្យលទ្ធភាពរៀបចំជាថ្នាក់រៀនបណ្តោះអាសន្នសម្រាប់ប្រើប្រាស់សមរម្យ និងគ្រប់គ្រាន់នៅតាមជំរំភៀសសឹក ឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់សិស្សភៀសសឹក ខណៈកម្ពុជាកំពុងបន្តរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពាននៅតាមព្រំដែនពីសំណាក់ប្រទេសថៃ។
តបតាមទទួលបានអនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត លើការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាកកូន កុមារតូច ការផ្គត់ផ្គង់ស្បៀង ការថែទាំសុខភាព ជាពិសេសជម្រកស្នាក់នៅ និងថ្នាក់រៀនបណ្ដោះអាសន្ន ក្រុមហ៊ុនខ្មែរ និងសប្បុរសជនជាច្រើនបានសហការជាមួយសមាគមអតីតនិស្សិតវិស្វកម្ម និងស្ថាបត្យកម្មកម្ពុជាពីប្រទេសចិន (China Alumni Association of Engineering and Architecture of Cambodia) ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសឹក។ ក្រុមហ៊ុនដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ រួមមាន ISI GROUP, មូលនិធិ ខេ អឹម អេច, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន GGEAR Group និងក្រុមហ៊ុន Koolen Alpha ព្រមទាំងសប្បុរសជនជាច្រើនទៀត ដែលអាចធ្វើឱ្យសម្រេចបាននូវគម្រោង ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នចំនួន ៣០០០តង់ ។ ក្រុមការងារ រួមជាមួយសប្បុរសជន នឹងបន្តពិនិត្យលទ្ធភាពផ្តល់ជូនបន្ថែមក្នុងករណីមានសំណូមពរចាំបាច់ ដោយបានបញ្ជាក់នូវការឧបត្ថម្ភតង់ថ្នាក់រៀនបណ្ដោះអាសន្ននេះ ជូនក្រសួងអប់រំ យុវជន និងកីឡាចំនួន ៣០០តង់ ដើម្បីបែងចែកផ្តល់ជូនបន្តទៅដល់ទីតាំងភៀសសឹកដែលមានតម្រូវការបន្ទាន់។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញឱ្យមានការរៀបចំថ្នាក់រៀនបណ្ដោះអាសន្ន និងបណ្ណាល័យបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងនៅតែបន្តទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគ បរិភោគនានា ពីសប្បុរសជនគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីបែងចែកនិងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ជាបន្តបន្ទាប់៕








