ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានបំណងពិភាក្សាអំពីបញ្ហាទឹកដី ដែលជាឧបសគ្គចម្បងក្នុងកិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅរដ្ឋ Florida នៅថ្ងៃអាទិត្យ ខណៈក្របខ័ណ្ឌសន្តិភាព២០ចំណុច និងកិច្ចព្រមព្រៀងធានាសន្តិសុខជិតបញ្ចប់។ ដោយប្រកាសពីជំនួបនេះ លោក Zelenskyy បាននិយាយថា «មានរឿងជាច្រើន អាចត្រូវបានសម្រេចនៅមុនឆ្នាំថ្មី» ខណៈទីក្រុងវ៉ាស៊ីនតោនជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅអ៊ុយក្រែន ជាជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២។

លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មាននៅក្នុងកម្មវិធីជជែក WhatsApp ថា កិច្ចព្រមព្រៀងធានាសន្តិសុខរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក «ជិតបញ្ចប់រួចរាល់ហើយ» ហើយសេចក្តីព្រាងផែនការ២០ចំណុចត្រូវបានបញ្ចប់៩០%។ លោក Zelenskyy បានប្រាប់សារព័ត៌មាន Axios ថា សហរដ្ឋអាមេរិកបានផ្តល់កិច្ចព្រមព្រៀងរយៈពេល១៥ឆ្នាំលើការធានាសន្តិសុខដែលអាចបន្តបាន ហើយទីក្រុងគីវចង់បានរយៈពេលវែងជាងនេះ។ ដោយប្រុងប្រយ័ត្ន ចំពោះការធានាដែលបរាជ័យពីសម្ព័ន្ធមិត្តកាលពីអតីតកាល អ៊ុយក្រែនកំពុងស្វែងរកកិច្ចព្រមព្រៀងដ៏រឹងមាំនិងមានចំណងផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀត។
លោក Zelenskyy និយាយថា ជំនួបរបស់លោកជាមួយលោក Trump មានគោលបំណង «ធ្វើឲ្យប្រសើរឡើងនូវរឿងរ៉ាវជាច្រើន» នៅក្នុងសេចក្តីព្រាងនិងដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានស្តីសេដ្ឋកិច្ចអ៊ុយក្រែន។
លោកTrump និយាយថា លោកជឿជាក់ថាជំនួបនេះនឹងដំណើរការទៅដោយរលូន ខណៈលោករំពឹងថានឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងពេល «ឆាប់ៗនេះ តាមពេលវេលាដែលលោកចង់បាន»។
