ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីកំពុងប្រើប្រាស់អគារលំនៅឋានធម្មតានៅលើទឹកដីរបស់សម្ព័ន្ធមិត្តខ្លួនគឺប្រទេសបេឡារុស ដើម្បីវាយប្រហារលើគោលដៅអ៊ុយក្រែន និងបញ្ចៀសពីការការពាររបស់ទីក្រុងគីវ។ វិមានក្រឹមឡាំង បានប្រើប្រាស់ទឹកដីប្រទេសបេឡារុស ដើម្បីចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២២ លើអ៊ុយក្រែន ហើយប្រទេសបេឡារុសនៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយ ទោះបីជាប្រធានាធិបតីយូរអង្វែង លោក Alexander Lukashenko បានសន្យាថានឹងមិនបញ្ជូនកងទ័ពទៅក្នុងជម្លោះនេះក៏ដោយ។

លោក Zelenskyy បានសរសេរនៅលើបណ្តាញ Telegram បន្ទាប់ពីកិច្ចប្រជុំបុគ្គលិកយោធាថា «យើងកត់សម្គាល់ថា រុស្ស៊ីកំពុងព្យាយាមចៀសពីទីតាំងស្ទាក់ចាប់ផ្នែកការពាររបស់យើងតាមរយៈទឹកដីរបស់ប្រទេសជិតខាងបេឡារុស។ នេះជាហានិភ័យសម្រាប់ប្រទេសបេឡារុស។ វាគួឲ្យសោកស្តាយដែលប្រទេសបេឡារុសកំពុងលះបង់ដែនអធិបតេយ្យភាពរបស់ខ្លួន ដើម្បីគាំទ្រដល់មហិច្ឆតាឈ្លានពានរបស់រុស្ស៊ី។ លោក Zelenskyy និយាយថា ចារកម្មរបស់អ៊ុយក្រែនបានសង្កេតឃើញថា ប្រទេសបេឡារុសកំពុងដាក់ពង្រាយយុទ្ធោករណ៍ដើម្បីធ្វើការវាយប្រហាររបស់ខ្លួន «នៅទីតាំងលំនៅរបស់ប្រទេសបេឡារុសជិតព្រំដែន រួមទាំងនៅលើអគារលំនៅឋាន»។ អង់តែន និងយុទ្ធោបករណ៍ផ្សេងទៀត មានដាក់នៅលើដំបូលអគារលំនៅឋានកម្ពស់៥ជាន់ ដែលជួយនាំផ្លូវ យានដ្រូនរបស់រុស្ស៊ី ទៅកាន់គោលដៅនៅក្នុងតំបន់ភាគខាងលិចរបស់យើង។ នេះគឺជាការមិនអើពើទាំងស្រុងចំពោះជីវិតមនុស្ស ហើយវាជាការសំខាន់ដែលទីក្រុង Minsk ឈប់លេងជាមួយរឿងនេះ។ លោក Lukashenko ក្នុងខែនេះបាននិយាយថា ប្រព័ន្ធមីស៊ីលបាលីស្ទីក Oreshnik របស់រុស្ស៊ី ដែលត្រូវបានពិពណ៌នាដោយមេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin ថាមិនអាចស្ទាក់ចាប់បាន ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសបេឡារុស និងបានចូលបំពេញកាតព្វកិច្ចប្រយុទ្ធដ៏សកម្ម។
