រដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ាបាននិយាយកាលពីថ្ងៃសុក្រ ទី២៦ ខែធ្នូ ថា ការវាយប្រហារតាមអាកាសគាំទ្រដោយសហរដ្ឋអាមេរិក បានដាក់គោលដៅទៅលើជំរំមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមនៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ដោយកម្ទេចកម្ទីពីប្រតិបត្តិការនេះបានបំផ្លាញលំនៅឋាននៅក្នុងរដ្ឋ Kwara។

ការវាយប្រហារទាំងនោះ បានទម្លាក់ទៅលើជំរំក្រុមអាស៊ីស(ISIS)ចំនួនពីរកន្លែងនៅក្នុងព្រៃ Bauni នៃតំបន់ Sokoto ដោយកំណត់គោលដៅលើអ្នកប្រយុទ្ធបរទេសដែលជ្រៀតចូលមកពីតំបន់ Sahel។
ខណៈរដ្ឋាភិបាលបានរាយការណ៍ថា គ្មានជនស៊ីវិលរងរបួសនោះទេ ប្រជាជននៅតំបន់Offa រដ្ឋ Kwara បានពិពណ៌នាអំពីការផ្ទុះនៅពេលយប់ជ្រៅដែលបានបំផ្លាញលំនៅឋានជាច្រើនខ្នង។
ប្រតិបត្តិការ ដែលត្រូវបានអនុម័តដោយប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានធ្វើឡើងបន្ទាប់ពីការប្រមូលព័ត៌មានស៊ើបការណ៍យ៉ាងទូលំទូលាយបង្ហាញថា ជំរំទាំងនោះកំពុងត្រូវបានប្រើប្រាស់ដោយសមាជិកបរទេសនៃក្រុមអាស៊ីស(ISIS) ធ្វើការជាមួយសាខាក្នុងតំបន់ដើម្បីរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងប្រទេសនីហ្សេរីយ៉ា។
ប្រទេសនីហ្សេរីយ៉ា បានប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមឥស្លាមនិយមរយៈពេលជាងមួយទសវត្សរ៍មកហើយ ប៉ុន្តែវត្តមានរបស់អ្នកប្រយុទ្ធបរទេសដែលមានទំនាក់ទំនងជាមួយក្រុមអាស៊ីស(ISIS) បង្ហាញពីការកើនឡើងនៃការគំរាមកំហែងដែលប្រទេសមានប្រជាជនច្រើនបំផុតនៅអាហ្វ្រិកមួយនេះ កំពុងប្រឈមមុខ។
