ការផ្ទុះដ៏ខ្លាំងនៅវិហារអ៊ីស្លាមមួយកន្លែងសម្រាប់និកាយជនជាតិភាគតិច Alawite ក្នុងទីក្រុង Homs ប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបីនាក់កាលពីថ្ងៃសុក្រ និងរបួសជាងដប់នាក់ផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ដោយដកស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាល ដែលបាននិយាយថាតួលេខជនរងគ្រោះនៅមិនទាន់សម្រេចចុងក្រោយនៅឡើយ។

ការិយាល័យសារព័ត៌មានរបស់ទីក្រុងបាននិយាយថា ឧបករណ៍ផ្ទុះ ត្រូវបានបំផ្ទុះនៅខាងក្នុងវិហារអ៊ីស្លាម Imam Ali bin Abi Talib ហើយក្រោយមកកងកម្លាំងសន្តិសុខបានហ៊ុមព័ទ្ធតំបន់នោះ។ មន្ត្រីតំបន់ម្នាក់បាននិយាយថា ការផ្ទុះ បានកើតឡើងក្នុងអំឡុងពេលបួងសួងកាលពីថ្ងៃសុក្រពេលថ្ងៃត្រង់។ មនុស្សប្រហែល៣០០ នាក់កំពុងជួបជុំគ្នាដូចដែលពួកគេតែងតែធ្វើ ជារៀងរាល់សប្តាហ៍។ អ្នកគោរពបូជា បានក្រោកឈរឡើងបួងសួង ហើយក្រោយមកការផ្ទុះដ៏ខ្លាំងនិងឆាបឆេះយ៉ាងខ្លាំងបានកើតឡើង។ ក្រុមនិកាយ Sunni អភិរក្សនិយមជ្រុលមួយក្រុមនៅក្នុងប្រទេសស៊ីរី បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅលើបណ្តាញ Telegram របស់ខ្លួន។ ក្រុមនេះកាលពីពេលមុន បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារមួយកន្លែងក្នុងទីក្រុងដាម៉ាស កាលពីខែមិថុនា ដែលបានសម្លាប់មនុស្ស២០នាក់។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសការផ្ទុះនេះថាជា «ឧក្រិដ្ឋកម្មភេរវកម្ម»។ បណ្តាប្រទេសក្នុងតំបន់ រួមមានអារ៉ាប៊ីសាអ៊ូឌីត លីបង់ និងកាតា ក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ។ ប្រទេសស៊ីរី រងការរង្គោះរង្គើដោយអំពើហិង្សានិកាយជាច្រើនដែលដាក់គោលដៅលើជនជាតិភាគតិចអាឡាវីត ចាប់តាំងពីមេដឹកនាំយូរអង្វែង លោក Bashar al-Assad ដែលជាជនជាតិភាគតិចខាងសាសនា ត្រូវបានបណ្តេញចេញដោយការវាយលុករបស់ក្រុមឧទ្ទាមកាលពីឆ្នាំមុន។
