សហភាពមីយ៉ាន់ម៉ា ធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃទី២៨ ខែធ្នូ ខណៈដែលប្រទេសនេះ កំពុងប្រឈមជាមួយសង្រ្គាមស៊ីវិលដែលបានបំផ្លាញផ្នែកជាច្រើនរបស់ប្រទេស ក៏ដូចជាវិបត្តិមនុស្សធម៌ដ៏អាក្រក់ជាងគេបំផុតមួយ នៅតំបន់អាស៊ី។
ជាប្រទេសមួយ ក្នុងចំណោមប្រទេសក្រីក្របំផុតរួចហើយ នៅតំបន់អាស៊ីអាគ្នេយ៍ មីយ៉ាន់ម៉ាត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជម្លោះបង្កឡើងដោយរដ្ឋប្រហារឆ្នាំ២០២១ ជាពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដឹកនាំដោយមា្ចស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។
វិបត្តិមនុស្សធម៌របស់មីយ៉ាន់ម៉ា គឺជាវិបត្តិដ៏ធ្ងន់ធ្ងរជាងគេបំផុតមួយ នៅទ្វីបអាស៊ី ដែលបង្កឡើងដោយសង្គ្រាមស៊ីវិលដែលមានកាន់តែខ្លាំងក្លា និងគ្រោះមហន្តរាយធម្មជាតិម្តងហើយម្តងទៀត ក្នុងនោះរួមទាំងរញ្ជួយដីដ៏ធំ កាលពីខែមីនាផងដែរ។

សារព័ត៌មាន Reuters បានរាយការណ៍ថា កន្លងមករបបយោធាកំពុងកាន់អំណាច បានបិទខ្ទប់ព័ត៌មានអំពីវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរដែលកំពុងរួបរឹតលើប្រទេសនេះ ដោយដាក់សម្ពាធអ្នកស្រាវជ្រាវមិនឲ្យប្រមូលទិន្នន័យ អំពីភាពអត់ឃ្លាន និងបុគ្គលិកជំនួយមិនឲ្យចេញផ្សាយអំពីវា ក្រៅពីការបង្ក្រាបអ្នកសារព័ត៌មាន ចាប់តាំងពីរដ្ឋប្រហារ។
អង្គការសហប្រជាជាតិ (UN) បានប៉ាន់ប្រមាណថា ២០លាននាក់នៃប្រជាជន ៥១លាននាក់របស់មីយ៉ាន់ម៉ា ត្រូវការជំនួយ ខណៈដែលអតិផរណាកើនឡើង ហើយតម្លៃរូបិយប័ណ្ណធ្លាក់ចុះ បានធ្វើឲ្យប្រជាជនប្រហែលពាក់កណ្តាលធ្លាក់ចូលនៅក្រោមបន្ទាត់នៃភាពក្រីក្រ។
បើយោងតាមការប៉ាន់ស្មានរបស់ UN បានឲ្យដឹងថា មនុស្សជាង ៣,៦លាននាក់ត្រូវបានភៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយមានជនស៊ីវិលជាង ៦.៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលបង្កឡើងដោយរដ្ឋប្រហារនេះ៕


