លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រ (ទី២៦ ខែធ្នូ) ថា ប្រទេសរុស្ស៊ីកំពុងប្រើប្លុកផ្ទះល្វែងធម្មតា នៅលើដែនដីនៃសម្ព័ន្ធមិត្តរបស់ខ្លួន គឺបេឡារុស ដើម្បីវាយប្រហារគោលដៅរបស់អ៊ុយក្រែន និងគេចពីប្រព័ន្ធការការពាររបស់ទីក្រុងគីវ។

វិមានក្រឹមឡាំងបានប្រើប្រាស់ដែនដីបេឡារុស ដើម្បីបើកការឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយបេឡារុសនៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំ ទោះបីជាលោកប្រធានាធិបតី Alexander Lukashenko ដែលកាន់អំណាចដ៏យូរ បានប្តេជ្ញាថា នឹងមិនមានទាហានរបស់ខ្លួននៅក្នុងជម្លោះនេះក៏ដោយ។
បន្ទាប់ពីមានកិច្ចប្រជុំបុគ្គលិកយោធា លោក Zelensky បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «យើងកត់សម្គាល់ថា ជនជាតិរុស្ស៊ីកំពុងព្យាយាមឆ្លងឲ្យផុតពីទីតាំងប្រព័ន្ធស្ទាក់ការពាររបស់យើង តាមរយៈដែនដីនៃប្រទេសជិតខាងបេឡារុស។ នេះគឺជាហានិភ័យ សម្រាប់បេឡារុស។ វាជារឿងគួរឲ្យសោកស្ដាយណាស់ដែលបេឡារុសកំពុងប្រគល់អធិបតេយ្យភាពរបស់ខ្លួន ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់រុស្ស៊ី»។
ជាមួយគ្នានេះ លោក Zelensky បានបន្ថែមថា ចារកម្មអ៊ុយក្រែន បានសង្កេតឃើញថា បេឡារុសកំពុងដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍ ដើម្បីអនុវត្តការវាយប្រហាររបស់ខ្លួន «នៅកន្លែងតាំងទីលំនៅរបស់បេឡារុស ជិតព្រំដែន ក្នុងនោះរួមទាំងនៅលើអគារលំនៅដ្ឋានផងដែរ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ ទាំងក្រសួងការពារជាតិរុស្ស៊ី និងបេឡារុស មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕
