លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ឲ្យដឹងថា លោកបានប្រឆាំងជំទាស់នឹងការទទួលស្គាល់សូម៉ាលីឡែន (Somaliland) របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន New York Post ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ (ទី២៦ ខែធ្នូ) ដោយសម្ដីនេះកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងជាសម្ព័ន្ធមិត្តដ៏លេចធ្លោរបស់លោក គឺលោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់ដែនដីនេះ។

លោកប្រធានាធិបតីបានឆ្លើយតបទៅសារព័ត៌មាន New York Post ថា «ទេ» នៅពេលត្រូវសួរអំពីការទទួលស្គាល់របស់សហរដ្ឋអាមេរិក ចំពោះដែនដីសូម៉ាលីឡែន ដោយបន្ថែមថា «តើមាននរណាម្នាក់ដឹងយ៉ាងពិតប្រាកដថា តើប្រទេសសូម៉ាលីឡែនជាអ្វី?»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ អ៊ីស្រាអែលបានទទួលស្គាល់ជាផ្លូវការនូវតំបន់ភាគខាងជើងនៃដែនដីសូម៉ាលីឡែនថា ជា «រដ្ឋឯករាជ្យ និងអធិបតេយ្យភាព» ពោលគឺបានក្លាយជាប្រទេសដំបូងគេដែលប្រកាសដូច្នេះ។
សូម៉ាលីឡែន ដែលបានប្រកាសឯករាជ្យពីប្រទេសសូម៉ាលីក្នុងឆ្នាំ១៩៩១ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បានជំរុញឲ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលជាអាទិភាពសំខាន់ សម្រាប់លោកប្រធានាធិបតី Abdirahman Mohamed Abdullahi ចាប់តាំងពីលោកបានឡើងកាន់តំណែងកាលពីឆ្នាំមុន។
ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសូម៉ាលី បានព្រមានថា ការសម្រេចនេះ គឺជា «ការវាយប្រហារដោយចេតនា» លើអធិបតេយ្យភាពរបស់ខ្លួន ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព នៅក្នុងតំបន់។ ប្រទេសជាច្រើនផ្សេងទៀត ក៏បានថ្កោលទោសការសម្រេចរបស់អ៊ីស្រាអែលផងដែរ៕
