ទីភ្នាក់ងារសារព័ត៌មាន ANA បានរាយការណ៍ថា ឆ្មាំល្បាតឆ្នេររបស់ប្រទេសក្រិក កាលពីថ្ងៃសុក្រ (ទី២៦ ខែធ្នូ) បានជួយសង្គ្រោះជនអន្តោប្រវេសន៍ជិត ៤០០នាក់ ពីទូកនេសាទ និងនាវាមួយគ្រឿងផ្សេងទៀត នៅម្ដុំភាគខាងត្បូងកោះ Crete។
នៅក្នុងប្រតិបត្តិការមួយចម្ងាយប្រហែល ៣៥ម៉ាយល៍ណត់ (ប្រមាណជិត ៦៥គីឡូម៉ែត្រ) ពីកោះដ៏តូច Gavdos នៅម្ដុំកោះ Crete នាវាឆ្មាំល្បាតឆ្នេរ នាវាដឹកទំនិញដាណឺម៉ាក និងឧទ្ធម្ភាគចក្រ បាននាំយកមនុស្ស ៣៦៥នាក់ពីទូកនេសាទ។

នៅមុននេះ មនុស្សប្រហែល ៣០នាក់ ត្រូវបានផ្លាស់ទៅទូកទីភ្នាក់ងារព្រំដែនអឺរ៉ុប Frontex ដែលមានចម្ងាយប្រហែល ២៥ម៉ាយល៍ណត់ ពីកោះ Gavdos ។ ហើយសារព័ត៌មានមួយបានរាយការណ៍ថា ពួកគេត្រូវបាននាំទៅកាន់កោះ Crete។ មនុស្ស ៣៩នាក់នៅលើទូកពោងមួយគ្រឿង ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍ ចម្ងាយតែបន្តិចនៅភាគខាងត្បូងកោះ Crete។
គួរបញ្ជាក់ថា សមុទ្ររវាងប្រទេសទួរគី និងក្រិក និងលីប៊ី ឆ្ពោះទៅក្រិក គឺជាផ្លូវធ្វើដំណើរដ៏ពេញនិយម សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលព្យាយាមឲ្យបានទៅដល់តំបន់អឺរ៉ុប។ តែការធ្វើដំណើរប្រឈមនឹងគ្រោះថ្នាក់ជាច្រើន។ សាកសពចំនួន ១៧នាក់ ដែលភាគច្រើនជាជនជាតិអេហ្ស៊ីប និងស៊ូដង់ ត្រូវបានរកឃើញ ហើយមនុស្ស ១៥នាក់ផ្សេងទៀតត្រូវបានគេជឿថា បានបាត់ខ្លួន បន្ទាប់ពីនាវារបស់ពួកគេ បានក្រឡាប់នៅក្នុងខែនេះ៕
