នៅថ្ងៃសៅរ៍ (ទី២៧ ខែធ្នូ) នេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara បានរាយការណ៍ថា គ្រួសារជនជាតិអេស្ប៉ាញមួយក្រុមចំនួន ៤នាក់ បានបាត់ខ្លួន បន្ទាប់ពីទូកទេសចរណ៍មួយគ្រឿង បានលិចនៅប្រទេសឥណ្ឌូនេស៊ី។

សារព័ត៌មាន Antara បានឲ្យដឹងថា នាវានេះបានដឹកមនុស្ស ១១នាក់ នៅពេលដែលបានលិចនៅច្រកសមុទ្រកោះ Padar ក្បែរគោលដៅទេសចរណ៍ដ៏ពេញនិយម Labuan Bajo កាលពីយប់ថ្ងៃសុក្រ។
មនុស្ស ៧នាក់ រួមទាំងអ្នកទេសចរអេស្ប៉ាញ ២នាក់ បុគ្គលិកទូក ៤នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ ត្រូវបានជួយសង្គ្រោះ។ ការស្វែងរកអ្នកបាត់ខ្លួន ៤នាក់ទៀត កំពុងបន្តធ្វើនៅថ្ងៃសៅរ៍នេះ។
សារព័ត៌មាន Antara បានឲ្យដឹងបន្ថែមថា អាជ្ញាធរកំពង់ផែ Labuan Bajo បានសន្មតថា ការលិចនេះ គឺដោយសាររលកទឹកមានកម្ពស់ខ្ពស់រហូតដល់ ៣ម៉ែត្រ។ ប្រធានអាជ្ញាធរកំពង់ផែ លោក Stephanus Risdiyanto បានប្រាប់ទីភ្នាក់ងារសារព័ត៌មាននេះថា «នេះ (រលក) ធ្វើឲ្យមានការលំបាកដល់ពួកយើង ក្នុងការប្រតិបត្តិការស្វែងរកដំបូង»។
កោះ Padar ត្រូវបានបិទមិនឲ្យមានភ្ញៀវទេសចរនៅថ្ងៃសៅរ៍នេះ ដោយសារអាកាសធាតុអាក្រក់ធ្ងន់ធ្ងរ។ ឧបទ្ទវហេតុតាមសមុទ្រកើតឡើងជាប្រចាំ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ជាប្រជុំកោះអាស៊ីអាគ្នេយ៍ដែលមានកោះប្រហែល ១៧.០០០ ដោយជារឿយៗដោយសារស្តង់ដារសុវត្ថិភាពមិនល្អប្រសើរ និងអាកាសធាតុអាក្រក់៕
