ផ្ទះសម្បែងនៅទីក្រុងតែប៉ិ ត្រូវបានអង្រួន ក្រោយការរញ្ជួយដីកម្រិត ៧រ៉ិចទ័រ បានកើតឡើងនៅចម្ងាយប្រហែល ៣២គ.មពីតំបន់ឆ្នេរភាគឦសាន កោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរនោះទេ ។

វាគឺជាការរញ្ជួយដីលើកទី ២ហើយដែលបានវាយប្រហារកោះមួយនេះ ក្នុងរយៈពេល ១សប្តាហ៍ ក្រោយការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានរញ្ជួយស្រុកតំបន់ឆ្នេរភាគអាគ្នេយ៍កោះតៃវ៉ាន់ កាលពីថ្ងៃពុធ ។
ការរញ្ជួយដីកាលពីថ្ងៃពុធ បានធ្វើឲ្យអគារនានាក្នុងរដ្ឋធានីតៃប៉ិមានរំញ័រ ហើយរដ្ឋបាលបានបញ្ជាក់ថា ការរញ្ជួយនេះមានជម្រៅ ១១,៩គីឡូម៉ែត្រ ។ ទីភ្នាក់ងារអគ្គិភ័យជាតិ បានឲ្យដឹងថា មិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាត នៅទូទាំងកោះតៃវ៉ាន់នោះទេ ។
សូមបញ្ជាក់ថា កោះតៃវ៉ាន់ស្ថិតនៅចំណុចប្រសព្វនៃផ្លាកតិចតូនិកចំនួន ២ ហើយនិងងាយរងការរញ្ជួយដី ។
ជាក់ស្តែង មនុស្សជាង ១០០នាក់ បានបាត់បង់ជីវិត អំឡុងពេលមានគ្រោះរញ្ជួយដី នៅភាគខាងត្បូងកោះតៃវ៉ាន់ កាលបីឆ្នាំ២០១៦ ខណៈដែលការរញ្ជួយកម្រិត ៧,៣រ៉ិចទ័រ បានឆក់យកជីវិតមនុស្សជាង ២ពាន់នាក់ កាលពីឆ្នាំ១៩៩៩ ៕
