ក្រុមអាជ្ញាធរអេស្ប៉ាញ និងឥណ្ឌូនេស៊ី និយាយកាលពីថ្ងៃសៅរ៍ថា គ្រួសារអេស្ប៉ាញមានសមាជិក ៤រូប កំពុងបាត់ខ្លួន ក្រោយទូកដឹកមនុស្ស ១១នាក់ បានលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌូនេស៊ី អំឡុងពេលជួបអាកាសធាតុអាក្រក់ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara រាយការណ៍ថា អ្នកដំណើរផ្សេងទៀត រួមទាំងភ្ញៀវទេសចរ ២នាក់ មកពីអេស្ប៉ាញ សមាជិកនាវិក ៤នាក់ និងមគ្គុទេសក៍ម្នាក់ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព អំឡុងឧបទ្ទេវហេតុកាលពីថ្ងៃយប់ថ្ងៃសុក្រ ។

ទីភ្នាក់ងារជួយសង្រ្គោះ និងស្វែងរកជាតិឥណ្ឌូនេស៊ី បានចេញរូបភាពវីដេអូឃ្លីបឃើញក្រុមជួយសង្រ្គោះរបស់ពួកគេ ជួយសង្រ្គោះមនុស្សនៅជិតតំបន់ឆ្នេរឥណ្ឌូនេស៊ី ។
អាជ្ញាធករកំពង់ផែកោះ Labuan Bajo និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Antara ថា ទូកបានលិចពេលជួបរលកកម្ពស់រហូតដល់ ៣ម៉ែត្រ នៅច្រកសមុទ្រកោះ Padar ស្ថិតនៅជិតកោះ Labuan Bajo ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ។
ក្រសួងការបរទេសអេស្ប៉ាញ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមជួយសង្រ្គោះឥណ្ឌូនេស៊ី បាននឹងកំពុងស្វែងរកគ្រួសារបាត់ខ្លួន ៕
