ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ នៅថ្ងៃនេះ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០២២នេះ សាលសន្និសីទចតុមុខ ។
ទិវាទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៤ ត្រូវបានប្រារព្ធ នៅក្រោមវត្តមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទោះបីរងការរំខានពីការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់យ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ ក្នុងនោះទិវាវប្បធម៌ជាតិមិនដែលត្រូវបានអាក់ខានក្នុងការរៀបចំម្ដងណាឡើយ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ពិសេសធនធានដែលអាចជួសជុល និងទាញយកមកប្រើឡើងវិញបាន ព្រមទាំងការកៀរគរធនធានពីដៃគូនានា ដូចជា មន្ត្រីចូលនិវត្តន៍ អង្គការ សមាគម អាចារ្យ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ សិស្ស-និស្សិតស្ម័គ្រចិត្ត និងប្រជាជននៅមូលដ្ឋាន តាមរយៈការផ្តល់ការលើកទឹកចិត្តទៅតាមលទ្ធភាពជាក់ស្ដែង។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្នើឲ្យប្រជាពលរដ្ឋគ្រប់រូប ពិសេស យុវជន ត្រូវមានមនសិការស្នេហាជាតិ និងស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ ត្រូវរក្សាឲ្យជាប់ក្នុងស្មារតីនិងសកម្មភាពរបស់ខ្លួន ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនទទួលខុសត្រូវ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិទាំងនេះឱ្យបានគង់វង្សជានិច្ចនិរន្តរ៍។
បើតាមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការកំណត់យកតួអង្គយុវជនសម្រាប់ធ្វើជាប្រធានបទរបស់ទិវាវប្បធម៌ជាតិជាបន្តបន្ទាប់ គឺមិនត្រឹមតែជាសារមួយ ដើម្បីបន្តរំលឹកដាស់តឿនដល់យុវជន កម្ពុជាឱ្យចូលរួមកាន់តែសកម្មក្នុងការងារអភិរក្សនិងលើកស្ទួយតម្លៃវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាទិភាព គន្លឹះមួយនៅក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងដើម្បីអភិវឌ្ឍន៍វប្បធម៌ជាតិផងដែរ៕ អត្ថបទ រដ្ឋា