រុស្ស៊ីបានវាយប្រហារទីក្រុងគីវរបស់ប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីល និងយានដ្រូន មុនអ្វីដែលលោកប្រធានាធិបតី Volodymyr Zelenskiy និយាយថា វានឹងក្លាយជាជំនួបដ៏សំខាន់មួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីដោះស្រាយកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត ៤ឆ្នាំមកនេះ ។
ក្រុមអាជ្ញាធរក្រុងគីវ និយាយថា មនុស្សយ៉ាងហោច ២៨នាក់ រួមទាំងកុមារ ២នាក់ បានរងរបួស ។ អភិបាលក្រុងគីវលោក Vitali Klitschko បានរាយការណ៍ពីការខូចខាតផ្ទះឯកជន អគារផ្ទះល្វែង និងរថយន្តនៅខណ្ឌចំនួន ៧ ក្នុងចំណោមខណ្ឌចំនួន ១០ ។

សាក្សីនិយាយថា ប្រព័ន្ធការពារដែនអាកាសបានធ្វើប្រតិបត្តិការនៅក្នុងទីក្រុងគីវ ហើយបណ្តាញ Telegram ក្រៅផ្លូវការបានរាយការណ៍ពីការផ្ទុះជាច្រើនកន្លែង ។ បណ្តាញTelegram របស់យោធាមួយបាននិយាយថា មីស៊ីលតម្រង់គោលដៅ និងមីស៊ីលបាលីស្ទីក ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងគីវ ។
មុនការវាយប្រហារនេះ លោក Zelenskiy និយាយថា ជំនួបរបស់លោកនៅរដ្ឋ Florida នាថ្ងៃអាទិត្យ នឹងផ្តោសំខាន់លើដែនដីដែលគ្រប់គ្រងដោយភាគីទាំង ២ ក្រោយការបញ្ឈប់ការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ពេលមានការវាយលុករបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin លើប្រទេសជិតខាងតូចតាចជាងខ្លួន ដែលជាជម្លោះស្លាប់មនុស្សច្រើនបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី ២ ៕
