សន្ទស្សន៍គុណភាពខ្យល់(AQI)នៅក្នុងរដ្ឋធានីញូវដែលីប្រទេសឥណ្ឌា នៅតែស្ថិតក្នុងកម្រិតខ្ពស់ដ៏គ្រោះថ្នាក់កាលពីថ្ងៃសៅរ៍ ក្នុងនោះរូបភាពយានដ្រូនឃើញតំបន់ជាច្រើននៅក្នុងទីក្រុងមួយនេះហ៊ុមព័ទ្ធដោយផ្សែងអ័ព្ទយ៉ាងក្រាស់ ។យោងតាមការអះអាងរបស់ទីភ្នាក់ងារព្យាករឧតុនិយមឥណ្ឌា បានឲ្យដឹងថាកម្រិត AQIនៅទីក្រុងដែលី ត្រូវបានរកឃើញខ្ពស់រហូតដល់៣៦៥ ដែលជាកម្រិតធ្ងន់ធ្ងរ ។អគារតរូវបានគេមើលឃើញហ៊ុមព័ទ្ធដោយស្រទាប់យ៉ាងក្រាស់របស់ផ្សែងអ័ព្ទពុលខណៈការធ្វើចរាចរណ៍ក្រោមរយៈចម្ងាយមើលឃើញពុំសូវច្បាស់ ។ទីក្រុងដែលី និងតំបន់ជាយក្រុង ជារឿយៗត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទក្នុងអំឡុងរដូវរងាខណៈខ្យល់ត្រជាក់ ធ្វើឲ្យទាក់ជាប់ការបំភាយឧស្ម័នពីយានយន្ត ការដ្ឋានសំណង់ និងការដុតកាកសំណល់កសិកម្មដែលជំរុញឲ្យកម្រិតនៃកង្វក់បរិយាកាសកើនឡើងដល់កម្រិតខ្ពស់បំផុតមួយលើពិភពលោក ។ក្រុមអាជ្ញាធរនៅក្នុងទីក្រុងញូវដែលីបានដាក់ចេញវិធានការដ៏តឹងរឹងកាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីទប់ស្កាត់កង្វក់បរិយាកាសរួមទាំងបំរាមលើរថយន្តដែលមិនអនុលោមតាមបទដ្ឋានគ្រប់គ្រងការបំភាយឧស្ម័នចុងក្រោយ និងគ្រប់គ្រងការចូលរួមនៅតាមការិយាល័យឯកជននិងស្ថាប័នរដ្ឋ ៕

