មនុស្ស ១៥នាក់ស្លាប់ និងមនុស្ស ១៩នាក់ផ្សេងទៀត រងរបួស ក្រោយរថយន្តក្រុងបាត់បង់ម្ចាស់ការ និងបានធ្លាក់ចូលជ្រោះនៅទីក្រុង Solola ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃសៅរ៍ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា រថយន្តក្រុងបានចាកចេញពីទីក្រុងរបស់ប្រទេសក្វាតេម៉ាឡាមួយនេះ ហើយនិងឆ្ពោះទៅកាន់ទីក្រុង San Marcos ស្ថិតតាមបណ្តោយផ្លូវហាយវ៉េអន្តរអាមេរិក ពេលដែលវាបាត់បង់ម្ចាស់ការនៅយប់រំលងអាធ្រាត្រាថ្ងៃសៅរ៍ ។

ក្រុមជួយសង្រ្គោះរាប់សិបនាក់ និងរថយន្តគិលានសង្រ្គោះប្រហែល ២០គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីចុះប្រតិបត្តិការរយៈពេល ២ម៉ោងកន្លះ ដើម្បីស្រង់សាកសព ជួយអ្នករងរបួស និងដឹកពួកកេទៅកាន់មន្ទីរពេទ្យនៅសង្កាត់ក្បែរនោះ ។
លោក Leandro Amado គឺជាអ្នកនាំពាក្យក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ បានបញ្ជាក់ពីចំនួនមនុស្សស្លាប់សរុប រួមទាំងបុរស ១១នាក់ ស្រ្តី ៣នាក់ និងអនីតិជនម្នាក់ ។
សូមបញ្ជាក់ថា ផ្លូវហាយវ៉េតំបន់ភ្នំរបស់ក្វាតេម៉ាឡា តែងតែកើតមានឧបទ្ទេវហេតុគ្រោះថ្នាក់រថយន្តក្រុងស្លាប់មនុស្សញឹកញាប់ដោយសារផ្លូវមានចំណោតខ្លាំង ហើយស្ថានភាពផ្លូវលំបាក ៕
