អភិបាលរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក លោកស្រី Kathy Hochul បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន មុនការមកដល់តាមការរំពឹងទុករបស់ព្យុះព្រិលរដូវរងា Devin ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បានចេញការព្រមានពីព្យុះរដូវរងា Devin កាលពីរសៀលថ្ងៃសុក្រ ដែលនឹងបង្កស្ថានភាពធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ សម្រាប់តំបន់ Great Lakes រហូតដល់តំបន់ភាគខាងជើង Mid-Atlantic និងតំបន់ភាគខាងត្បូង New England ។

ព្រិលកម្រាស់ជាង ១២សង់ទីម៉ែត្រ ដល់ ២០សង់ទីម៉ែត្រ ត្រូវបានគេរំពឹងថានឹងធ្លាក់នៅតាមតំបន់មួយចំនួន ហើយរដ្ឋភាគខាងលិច Pennsylvania ត្រូវបានគេរំពឹងថានឹងជួបព្យុះទឹកកកផងដែរ ។
ខណៈពេលនោះដែរ ភ្លៀងធ្លាក់ខ្លាំងរយៈពេល ៣ថ្ងៃជាប់ៗគ្នា បង្កឲ្យកើតមានទឹកជំនន់ និងបំណាក់ដីនៅតំបន់ Southern California របស់សហរដ្ឋអាមេរិក ខណៈអ្នកស្រុករស់នៅទីក្រុងតំបន់ភ្នំ Wrightwood នាំគ្នាកាយភក់ចេញពីផ្ទះរបស់ពួកគេ និងវាយតម្លៃការខូចខាត ។
នៅទីក្រុង Wrightwood ដែលមានពលរដ្ឋរស់នៅប្រហែល ៥ពាន់នាក់ និងបានរងគ្រោះដោយសារព្យុះនៅតំបន់ភ្នំ San Gabriel ភាគឦសានទីក្រុង Los Angeles ក្រុមអង្កេតសុវត្ថិភាពស្រុក បានចាប់ផ្តើមវាយតម្លៃការខាតបង់ទ្រព្យសម្បត្តិ ៕
