នាយករដ្ឋមន្រ្តីកាណាដាលោក Mark Carney កាលពីថ្ងៃសៅរ៍ បានប្រកាសផ្តល់ជំនួយសេដ្ឋកិច្ច ២,៥ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ។
អំឡុងការបង្ហាញខ្លួនជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលបាននិយាយមួយភ្លែតទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Carney និយាយថា ជំនួយនេះ នឹងជួយអ៊ុយក្រែនដោះហិរញ្ញប្បទានចេញពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ។

លោក Zelenskiy បានជួបជាមួយលោក នៅទីក្រុង Halifax ស្ថិតក្នុងខេត្ត Nova Scotia ប្រទេសកាណាដា តាមផ្លូវរបស់លោកទៅកាន់សហរដ្ឋអាមេរិក សម្រាប់ជំនួបជាមួយលោកប្រធានាធិបតី Donald Trump នៅរដ្ឋ Florida ជាទីដែលលោក Zeleskiy និយាយថា លោកសង្ឃឹមថា នឹងស្វែងរកការសម្របសម្រួលមួយលើក្របខណ្ឌសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែនរូបនេះ បានកើតមានឡើង ស្របពេលរុស្ស៊ីវាយប្រហារទីក្រុងគីវ និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីល និងយានដ្រូនរាប់រយគ្រឿង កាលពីថ្ងៃសៅរ៍ ។
លោក Zeleskiyនិយាយថា ជំនួបនៅថ្ងៃអាទិត្យក្នុងរដ្ឋ Florida នឹងផ្តោតសំខាន់លើការធានាសន្តិសុខ និងការគ្រប់គ្រងទឹកដី នៅពេលដែលការប្រយុទ្ធគ្នាបញ្ចប់ នៅក្នុងជម្លោះដែលបានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ពេលមានការវាយលុករបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លើប្រទេសជិតខាងតូចតាចជាងខ្លួន ដែលជាជម្លោះស្លាប់មនុស្សច្រើនបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី ២ ៕
