សំណុំព្រិល លាយឡំនឹងទឹកកក បានធ្លាក់នៅភាគឦសានសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសៅរ៍ (២៧ ធ្នូ) ដែលបានរំខានដល់ចរាចរណ៍ផ្លូវអាកាស នាពេលចុងសប្តាហ៍ក្រោយថ្ងៃឈប់សម្រាកបុណ្យណូអែលដ៏មមាញឹក និងជំរុញឱ្យក្រុមមន្ត្រីនៅរដ្ឋញូវយ៉ក និងញូវជើស៊ី ដាក់ចេញការព្រមាន និងប្រកាសអាសន្នផ្នែកអាកាសធាតុ ទោះបីជាព្យុះបានថមថយខ្លះក៏ដោយ។
ប្រជាជនរាប់លាននាក់នៅតំបន់ប៉ែកឦសាន ត្រូវបានអាជ្ញាធរណែនាំកុំឱ្យធ្វើដំណើរតាមដងផ្លូវដោយសារស្ថានភាពគ្រោះថ្នាក់ ខណៈរដ្ឋញូវយ៉ក និងញូវជើស៊ី បានប្រកាសគ្រាអាសន្ន ក្រោមអាកាសធាតុរដូវរងាដ៏អាក្រក់។ អ្នកឧតុនិយមនៅសេវាអាកាសធាតុជាតិអាមេរិក បាននិយាយថា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ ព្រិលធ្លាក់កម្រាស់ប្រហែល ៦ ទៅ ១០អ៊ីញ (ពោលគឺ ១៥ ទៅ ២៥ សង់ទីម៉ែត្រ) នៅទូទាំងតំបន់មួយ ចាប់ពីទីក្រុង Syracuse កណ្តាលរដ្ឋញូវយ៉ក រហូតដល់ទីក្រុង Long Island នៅភាគអាគ្នេយ៍នៃរដ្ឋ ក៏ដូចជារដ្ឋ Connecticut ផងដែរ។

មន្រ្តីឧតុនិយមបន្តថា ទីក្រុងញូវយ៉ក មានព្រិលធ្លាក់ពី ២ ទៅ ៤ អ៊ីញ ក្នុងពេលមួយយប់ ដោយព្រិលកម្រាស់ ៤,៣ អ៊ីញ ត្រូវបានរាយការណ៍នៅឧទ្យាន Central Park ដែលជាកម្រិតច្រើនបំផុតចាប់តាំងពីឆ្នាំ ២០២២ មក។ ការរំខានផ្លូវអាកាសក៏កាន់តែអាក្រក់ ដោយជើងហោះហើរក្នុងស្រុកជាង ៩.០០០ជើង នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានលុបចោល ឬពន្យារពេល គិតត្រឹមល្ងាចថ្ងៃសៅរ៍ ដោយភាគច្រើនស្ថិតនៅក្នុងតំបន់ញូវយ៉ក នេះបើយោងតាមទិន្នន័យហោះហើរ។
ការព្រមានអំពីព្យុះសំណុំទឹកកក និងការព្រមានអំពីអាកាសធាតុរដូវរងាដ៏កំណាច ក៏ត្រូវបានដាក់ចេញសម្រាប់ផ្នែកភាគច្រើននៃរដ្ឋ Pennsylvania និងភាគច្រើននៃរដ្ឋ Massachusetts ផងដែរ ជាមួយនឹងការរំខានកើតមានស្ទើរទូទាំងសហរដ្ឋអាមេរិក៕



