ហ្វូងបាតុកររាប់រយនាក់ បានប្រមូលផ្ដុំគ្នាតាមដងផ្លូវនៃទីក្រុងស្តុកខុម ប្រទេសស៊ុយអែត ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី១០ ខែតុលា ក៏ដោយ។

ការតវ៉ាដែលរៀបចំឡើងដោយក្រុមសង្គមស៊ីវិលជាច្រើន បានធ្វើឡើងនៅទីលានចតុរង្គ Odenplan ជាទីដែលអ្នកចូលរួមបានកាន់បដាតវ៉ាដែលសរសេរថា «កុមារកំពុងត្រូវបានសម្លាប់នៅហ្កាហ្សា» «សាលារៀន និងមន្ទីរពេទ្យកំពុងត្រូវបានទម្លាក់គ្រាប់បែក» និង «បញ្ចប់ការខ្វះខាតស្បៀងអាហារ»។
មនុស្សជាច្រើនបានគ្រវីទង់ជាតិប៉ាឡេស្ទីន ហើយអំពាវនាវឱ្យប្រទេសស៊ុយអែត បញ្ឈប់ការលក់អាវុធទៅឱ្យអ៊ីស្រាអែល។ សកម្មជនស៊ុយអែតម្នាក់បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការតវ៉ានឹងបន្តរហូតដល់សន្តិភាពយូរអង្វែងត្រូវបានសម្រេច។
បទឈប់បាញ់នៅហ្កាហ្សា បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោយសង្រ្គាមដ៏បង្ហូរឈាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស អស់រយៈពេល ២ឆ្នាំ។ ទោះបីជាយ៉ាងនេះក្ដី ស្ថានភាពរស់នៅរបស់ពលរដ្ឋប៉ាឡេស្ទីន មិនទាន់មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ទេ ដោយសារជំនួយជាច្រើនត្រូវបានរារាំង និងការវាយប្រហារជាបន្តបន្ទាប់៕
