ប្រជាជនអាហ្វហ្គានីស្ថាន រាប់លាននាក់ កំពុងពឹងផ្អែកលើជំនួយមនុស្សធម៌ ទាំងពីអាជ្ញាធរអាហ្វហ្គានីស្ថាន និងពីអង្គការសប្បុរសធម៌អន្តរជាតិ សម្រាប់ការរស់រានមានជីវិត។ គណៈកម្មាធិការអន្តរជាតិសម្រាប់កាកបាទក្រហម បាននិយាយក្នុងអត្ថបទមួយលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទកន្លងទៅថា មនុស្សប្រមាណ ២២,៩ លាននាក់ — ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់អាហ្វហ្គានីស្ថាន — ត្រូវការជំនួយនៅឆ្នាំ២០២៥នេះ។

ភាពអត់ឃ្លាននៅតែបន្តកើតមាន ដោយសារការកាត់បន្ថយជំនួយអន្តរជាតិយ៉ាងធ្ងន់ធ្ងរ រួមទាំងការបញ្ឈប់ជំនួយរបស់សហរដ្ឋអាមេរិក ដល់កម្មវិធីនានាដូចជាការចែកចាយស្បៀងអាហារ ដែលដំណើរការដោយកម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ។
កាលពីសប្តាហ៍មុន កម្មវិធី WFP បានព្រមានរួចហើយថា មនុស្សជាង ១៧ លាននាក់ នៅអាហ្វហ្គានីស្ថាន ឥឡូវនេះ កំពុងប្រឈមមុខនឹងកម្រិតវិបត្តិដ៏អាក្រក់បំផុតនៃភាពអត់ឃ្លាននៅក្នុងរដូវរងា ដែលច្រើនជាង ៣ លាននាក់ កំពុងប្រឈមនឹងហានិភ័យបែបនេះ តាំងពីជាង ១ឆ្នាំមុនមកម្ល៉េះ។
លោក Tom Fletcher ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ កាលពីពាក់កណ្តាលខែធ្នូថា ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដោយសារ «មហន្តរាយជាប់ៗគ្នា» រួមទាំងរញ្ជួយដីថ្មីៗនេះ និងការរឹតត្បិតកាន់តែខ្លាំងឡើងលើការចូលផ្នែកជំនួយមនុស្សធម៌ និងបុគ្គលិក៕

