សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ (២៧ ធ្នូ) ដោយបណ្តាញគ្រូពេទ្យស៊ូដង់ (SDN) បានឱ្យដឹងថា មនុស្សជាង ២០០នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារពីកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) របស់ស៊ូដង់ ដែលជំរុញដោយហេតុផលអត្តសញ្ញាណជនជាតិភាគតិចរបស់ពួកគេ ក្នុងផ្នែកមួយចំនួននៃតំបន់ Darfur ដ៏ទូលំទូលាយ។

ដោយសម្អាងដល់សក្ខីកម្មពីអ្នករួចជីវិតដែលទៅដល់ជំរំភៀសខ្លួនជិតព្រំដែនស៊ូដង់-ឆាដ បណ្តាញគ្រូពេទ្យស៊ូដង់នេះបាននិយាយថា ជនស៊ីវិលត្រូវបានកំណត់គោលដៅ និងកាប់សម្លាប់ ដោយផ្អែកលើជាតិសាសន៍ភាគតិចរបស់ពួកគេ នៅក្នុងក្រុង Ambro និង Abu Qamra នៅតំបន់ North Darfur និងក្រុង Sirba នៅតំបន់ West Darfur បន្ទាប់ពីកងកម្លាំង RSF បានវាយប្រហារទីតាំងទាំងនោះ។
ភាពឃោរឃៅដែលបានរាយការណ៍នេះ កើតឡើងស្របពេលការប្រយុទ្ធកាន់តែខ្លាំងឡើងនៅតំបន់ទាំងនោះ។ ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២៣ ហើយតាំងពីពេលនោះមក បានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ផ្សេងទៀតត្រូវបង្ខំចិត្តរត់ភៀសខ្លួន៕
