សៀមរាប៖ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃម្សិលមិញ បានបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ» ជូនដល់មន្ត្រី-បុគ្គលិក នាមជ្ឍមណ្ឌលអាជ្ញាធរជាតិអប្សរា ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដើម្បីពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រីបុគ្គលិកនៅស្ថាប័ននោះ។
លោក ស៊ឹម ប៊ុនធឿន និងជាអនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា និងនិស្សិត លើការងារពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់នៃការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងនីតិវិធីក្នុងការចុះសម្របសម្រួលការងារប្រកបដោយប្រសិទ្ធិភាព ស្របតាមទិសដៅរបស់អាជ្ញាធរជាតិអប្សរា ជាពិសេសដើម្បីអប់រំ និងផ្សព្វផ្សាយចំណេះដឹងដល់និស្សិតលើកិច្ចការរបស់អាជ្ញាធរជាតិអប្សរា និងការគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។
លោកថា មន្ដ្រី និងបុគ្គលិកនេះ ពួកគាត់មកពីនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ រួមទាំងនិស្សិតមហាវិទ្យាស្ថាបត្យកម្មនៃសាកលវិទ្យា-ល័យភូមិន្ទ និងវិចិត្រសិល្បៈ សរុបចំនួន ១០០នាក់។
លោក ស៊ឹម ប៊ុនធឿន បន្ថែមទៀតថា ក្នុងសិក្ខាសាលាបានធ្វើបទបង្ហាញ ៤ចំណុចសំខាន់ៗ ដល់សិក្ខាកាម រួមមាន៖ ១.ច្បាប់គតិយុត្តិ ការគ្រប់គ្រង និងប្រើប្រាស់ដី ការបដិសេធច្បាប់សាងសង់ ការអនុញ្ញាតច្បាប់សាងសង់, ២.សំណង់លំនៅដ្ឋានខ្មែរ លក្ខណៈទូទៅនៃផ្ទះខ្មែរ ប្រភេទសំណង់នៃផ្ទះខ្មែរ លក្ខណៈបច្ចេកទេស នៃការសាងសង់ផ្ទះខ្មែរ និងការតុបតែងកែលម្អ, ៣.ការផ្លាស់ប្ដូរសំណង់ផ្ទះខ្មែរ និងទី៤. គោលការណ៍របស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រងលំនៅដ្ឋានប្រពៃណីក្នុងឧទ្យានអង្គរ។
ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធិភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវបទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ៕ អត្ថបទ៖ ឈិត សាវី