វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump មិនគាំទ្រការជំរុញរបស់អឺរ៉ុប-អ៊ុយក្រែន ឲ្យមានបទឈប់បាញ់បណ្ដោះអាសន្នមុនពេលមានការដោះស្រាយនោះទេ ហើយថា ទីក្រុងមូស្គូ គិតថាទីក្រុងគីវត្រូវធ្វើការសម្រេចចិត្តលើបញ្ហាតំបន់ Donbas។

ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោកយូរី យូសាកូវ (Yuri Ushakov) បាននិយាយថា ការហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរមានរយៈពេល ១ ម៉ោង និង ១៥ នាទី ហើយបានធ្វើឡើងតាមការស្នើសុំរបស់លោក Trump មុនពេលកិច្ចប្រជុំរបស់លោក Trump នៅទីក្រុងម៉ៃអាមីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។

លោកយូសាកូវ បាននិយាយថា រឿងសំខាន់គឺថា ប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាមេរិក មានទស្សនៈស្រដៀងគ្នាថា ជម្រើសនៃបទឈប់បាញ់បណ្ដោះអាសន្នដែលស្នើឡើងដោយអ៊ុយក្រែន និងអឺរ៉ុប ក្រោមលេសនៃការរៀបចំសម្រាប់ការធ្វើប្រជាមតិ ឬក្រោមលេសផ្សេងទៀត គ្រាន់តែនាំទៅរកការអូសបន្លាយជម្លោះ ហើយពោរពេញដោយអរិភាពឡើងវិញប៉ុណ្ណោះ។

លោក យូសាកូវ បាននិយាយថា ដើម្បីឲ្យអរិភាពបញ្ចប់ ទីក្រុងគីវត្រូវធ្វើ «ការសម្រេចចិត្តឲ្យបានច្បាស់លាស់» ស្របតាមការពិភាក្សារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកលើតំបន់ Donbas។
ដោយពិចារណាលើស្ថានភាពបច្ចុប្បន្ននៅលើសមរភូមិ វានឹងសមហេតុផលសម្រាប់របបអ៊ុយក្រែនក្នុងការធ្វើការសម្រេចចិត្តនេះទាក់ទងនឹងតំបន់ Donbas។
រុស្ស៊ី ដែលគ្រប់គ្រង៩០%នៃតំបន់ Donbas ចង់ឲ្យអ៊ុយក្រែនដកកម្លាំងរបស់ខ្លួន១០%ពីតំបន់ដែលកងទ័ពក្រុងគីវនៅតែគ្រប់គ្រង។ជារួមរុស្ស៊ី គ្រប់គ្រងប្រមាណ១ភាគ៥ នៃអ៊ុយក្រែន៕