បាត់ដំបង៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ និងហេដ្ឋាេចនាសម្ព័ន្ធ ក្នុងភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជាទីតាំងអភិវឌ្ឍដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន។
ការអញ្ជើញចុះពិនិត្យនេះ មានការចូលរួមអមដំណើរពីប្រតិភូសមាគម, លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាអនុប្រធាន អ.ន.កខេត្ត, លោក វេ គឹមស៊ីម អនុប្រធានលេខាធិការដ្ឋាន អ.ន.ក តំណាងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងជាអនុប្រធានប្រចាំការ អ.ន.កខេត្ត និងលោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធាន អ.ន.កស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងថា យោងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម តែងតែងណែនាំឱ្យចុះពិនិត្យពីស្ថានភាពនៃការអភិវឌ្ឍន៍នានាដែលបម្រើជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន ជាពិសេសបន្តការពិនិត្យលើតម្រូវការជាក់ស្តែង និងដោះស្រាយជូនអតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាក ដើម្បីផ្តល់ដី និងផ្ទះសម្រាប់កសាងជីវភាពរស់នៅប្រចាំថ្ងៃ។
តាមរយៈសកម្មភាពក្នុងថ្ងៃនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលមានដូចជា ការស្ថាបនាផ្លូវ, ការស្តារប្រឡាយ និងការជីកស្រះទឹក ដែលសម្រេចលទ្ធផលបានមកទល់ពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃជូនអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងក្រុមគ្រួសារ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ភូមិព្រៃសិនបានរៀបចំដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះរួចរាល់ចំនួន៣០០ខ្នង ដែលសមិទ្ធផលទាំងអស់នេះតម្រូវឱ្យកសាងហេដ្ឋារចនាសម្ព័ន្ធជុំវិញប្រែក្លាយជាភូមិដ្ឋានមួយប្រកបទៅដោយការអភិវឌ្ឍន៍។
ក្នុងនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ការជីកស្រះទឹក និងស្ថាបនាប្រឡាយទឹក គឺប្រភពដ៏សំខាន់ជួយទៅដល់ការធ្វើវិស័យកសិកម្ម ឬដំណាំដាំដុះជាលក្ខណៈគ្រួសារ ដែលជាការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមពីលើប្រាក់សោធននិវត្តន៍ និងគោលនយោបាយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។
ក្នុងន័យនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជានិច្ចកាលបានបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន និងនិវត្តជន, ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ក្នុងគោលបំណងកែប្រែជីវភាពរស់នៅរបស់ពួកគាត់កាន់តែល្អប្រសើរឡើងស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ៕










