ភ្លៀងធ្លាក់ខ្លាំងបានជន់លិចខេត្តភាគខាងត្បូង និងភាគខាងកើតប្រទេសអេស្ប៉ាញ កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់បាត់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ខណៈទឹកទន្លេពេញហៀរបានហូរនាំរថយន្ត និងម៉ូតូ ហើយអាជ្ញាធរបានព្រមានប្រជាជនឱ្យស្នាក់នៅក្នុងលំនៅឋាន។

នៅទីក្រុង Valencia ជាកន្លែងដែលទឹកជំនន់ដ៏មហន្តរាយកាលពីខែតុលាឆ្នាំមុន បានបណ្តាលឲ្យមនុស្សជាង២២០នាក់ស្លាប់និងបណ្តាលឱ្យខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ អាជ្ញាធរបានចេញការព្រមានពណ៌ក្រហមទៅកាន់ទូរស័ព្ទរបស់ប្រជាជនកាលពីល្ងាចថ្ងៃអាទិត្យ ដោយជំរុញឱ្យពួកគេស្នាក់នៅក្នុងលំនៅឋាន និងនៅលើទីទួលខ្ពស់។
ខេត្តចំនួនប្រាំបីផ្សេងទៀតស្ថិតនៅក្នុងការព្រមានពណ៌លឿងទុំ ដោយព្រមានប្រជាជនអំពីហានិភ័យធ្ងន់ធ្ងរដល់ខ្លួន ឬទ្រព្យសម្បត្តិ និងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពកាន់តែអាក្រក់ជាងនេះ។

ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Valencia កាលពីឆ្នាំមុន បានធ្វើឱ្យអាជ្ញាធរភ្ញាក់ផ្អើលគ្មានការត្រៀមខ្លួន ដោយមនុស្សជាច្រើនបានស្តីបន្ទោសមន្ត្រីតំបន់ និងថ្នាក់ជាតិចំពោះការព្រមានដល់ប្រជាជនអំពីគ្រោះថ្នាក់យឺតពេល ដែលនៅទីបំផុតបានជំរុញឱ្យមេដឹកនាំតំបន់នេះលាលែងពីតំណែង។