យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា មេដឹកនាំយោធាប្រទេសនីហ្សេ បានអនុម័តការចល័តកងកម្លាំង និងអនុញ្ញាតឱ្យមានតម្រូវការត្រៀមលក្ខណៈជាមុននូវមនុស្សនិងសម្ភារៈ ខណៈបង្កើនការប្រយុទ្ធប្រឆាំងក្រុមប្រដាប់អាវុធនៅទូទាំងប្រទេស។

ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ហើយបានកត់សម្គាល់ពីការកើនឡើងយ៉ាងខ្លាំងដោយរដ្ឋាភិបាលយោធា ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារខែកក្កដា ឆ្នាំ២០២៣ ដោយបានផ្តួលរំលំប្រធានាធិបតីជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស គឺលោក Mohamed Bazoum។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្ស ទ្រព្យសម្បត្តិ និងសេវានានា អាចតម្រូវឲ្យមានការត្រៀមលក្ខណៈជាមុនក្នុងអំឡុងពេលចល័តកម្លាំង ដើម្បីចូលរួមចំណែកការពារមាតុភូមិ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន»។
«ពលរដ្ឋគ្រប់រូបត្រូវបានតម្រូវឱ្យឆ្លើយតបភ្លាមៗចំពោះបទបញ្ជាកោះហៅ ឬកែណ្ឌណាមួយ ដើម្បីអនុវត្តតាម ដោយមិនពន្យាពេលជាមួយនឹងការអនុវត្តវិធានការសម្រាប់ការពារមាតុភូមិ»។
អាជ្ញាធរបាននិយាយថា វិធានការទាំងនេះមានគោលបំណង «រក្សាបូរណភាពនៃទឹកដីរបស់ប្រទេស» និង «ការពារប្រជាជន» ខណៈប្រទេសនីហ្សេ បន្តប្រឈមនឹងការវាយប្រហារដោយក្រុមប្រដាប់អាវុធដែលកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ជាច្រើន។
ប្រទេសនីហ្សេ បានជាប់ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធដ៏បង្ហូរឈាមរយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយអំពើហិង្សាត្រូវបានផ្សារភ្ជាប់ទៅនឹងអ្នកប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមអាយស៊ីស(ISIS)។